លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និងជាប្រធានក្រុមទី៥ នៃក្រុមសមាជិកសមាជរដ្ឋសភា និងព្រឹទ្ធសភា បានអញ្ជើញដឹកនាំសមាជិក សមាជិកា ប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការចាត់តាំងក្រុមសមាជិកសមាជរដ្ឋសភា និងព្រឹទ្ធសភា និងការបែងចែកការងារសិក្សាស្រាវជ្រាវលើប្រធានបទទាំងបីរបស់សមាជ ស្តីពីប្រព័ន្ធគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យកសិកម្ម ដើម្បីត្រៀមលក្ខណៈក្នុងការឡើងមានមតិយោបល់ក្នុងអង្គសមាជ ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា និងជាប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា៕






