លោកជំទាវ ឡោក ខេង ផ្តល់បទសម្ភាសន៍ជាមួយនឹងអ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេសរបស់អង្គការUNwomen __ ឯកឧត្តម វ៉ាន់ ដារ៉ា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនស្ត្រីមេម៉ាយ នៅឃុំស្ទឹងកែវ __ ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃរដ្ឋសភា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ __ ឯកឧត្តម ជាម ប៉េអា៖ មូលដ្ឋានធនធានមនុស្សប្រកបដោយជំនាញ និងចំណេះដឹងច្បាស់លាស់គឺ ជាការធានាកំណើនសេដ្ឋកិចប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាចុងខែកញ្ញានេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ
សម្តេចប្រធានរដ្ឋសភា គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាចុងខែកញ្ញានេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ
Prepaired By: NA002 ​ Date: (9/9/2024 7:40:35 PM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ​ និងមិត្តភាព​ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា​ ឆ្នាំ២០២៤ ខាងមុខ តបតាមការអញ្ជើញរបស់ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិនក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភា នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើងថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី​ និងពហុភាគី ស្របតាមកិច្ចសហប្រតិបត្តិការ ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែបនៃប្រទេសទាំងពីរសម្រាប់បម្រើផលប្រយោជន៍ជូនប្រទេស​ និងប្រជាជនទំាងសងខាងឱ្យបានកាន់តែ ផុលផុសឡើង។​ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងពេលដែលចំណងមិត្តភាពជាប្រជាពៃណី មិត្តភាពដែកថែបកម្ពុជា-ចិន មានការរីកចម្រើនកាន់តែខ្លាំងក្លា ហើយកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរ ក៏បានឈានដល់កម្រិតខ្ពស់មួយមិនធ្លាប់មានពីមុនមក ដែលបាននឹងកំពុងរួមចំណែកយ៉ាងសកម្ម និងមានតម្លៃ ក្នុងការបម្រើផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងអន្តរជាតិផងដែរ។
 
ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចរដ្ឋសភាធិបតី ទៅកាន់ប្រទេសចិននាពេលនេះគឺស្របពេលនឹងឆ្នាំនៃការផ្លាស់ប្តូរប្រជាជន​ និងប្រជាជន​ នៃប្រទេសទាំងពីរ ហើយរំពឹងថា​ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ពិសេសរវាងសភាប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅ ស្របតាមយុទ្ធសាស្រ្តដែលរដ្ឋាភិបាល ប្រទេសទាំងពីរបានដាក់ចេញ គឺការកសាងសហគមន៍ជោគវាសនារួម កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
 
តាមគម្រោងនៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា គ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗ នៃសាធារណរដ្ឋប្រជាមានិតចិន ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ នៅក្នុងនោះដែរ សម្តេចប្រធានរដ្ឋសភានឹងជួបពិភាក្សាការងារទ្វេភាគីជាមួយសមភាគីចិន ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន។
ប្រធានរដ្ឋសភាប្រទេសទាំងពីរ(កម្ពុជា-ចិន) រួមនឹងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរ គ្រោងនឹងចុះអនុស្សរណៈយោគយល់គ្នា នៅក្នុងកម្រិតរដ្ឋសភា និងអគ្គលេខាធិការដ្ឋាន សំដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរនៅគ្រប់កម្រិត ឱ្យកាន់តែសកម្ម​ និងគ្រប់ជ្រុងជ្រោយឡើង ស្របតាមបរិបទជាក់ស្តែង និងទទួលបានលទ្ធផលជាក់ស្តែង។
 
ក្រៅពីការបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ​សម្តេចរដ្ឋសភាធិបតី ក៏គ្រោងនឹងបំពេញទស្សនកិច្ច ទៅកាន់ទីក្រុងសៀងហៃបន្តទៀត។
 
នៅទីក្រុងសៀងហៃ សម្តេចរដ្ឋសភាធិបតី នឹងទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ហួង លីស៊ីន (Huang Lixin) ប្រធានគណៈកម្មាធិការ អចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនក្រុងសៀងហៃ និងទស្សនាតំបន់ឧស្សាហកម្មក្រុងសៀងហៃ ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជន​ និងប្រជាជន ដែលជាលទ្ធភាពដ៏សំខាន់នៅក្នុងការជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌ ដើម្បីនាំផលប្រយោជន៍ជូនប្រជាពលរដ្ឋ​ និងប្រទេសទាំងសងខាង ឱ្យកាន់តែសម្បូរបែបថែមទៀត។
 
ចំណែកសមាជិកគណៈប្រតិភូផ្សេងទៀត ក៏នឹងមានជំនួបពិភាក្សាការងារជាមួយសមភាគីចិន នៅក្នុងនោះមានជំនួបពិភាក្សាការងារកម្រិតក្រុមមិត្តភាព សភាប្រទេសទាំងពីរ ជំនួបពិភាក្សាការងាររវាងគណៈកម្មការសភាទទួលបន្ទុកកិច្ចការបរទេស និងជំនួបពិភាក្សាការងារក្នុងកម្រិតអគ្គលេខាធិការដ្ឋាន សភាជាដើម។
 
សាធារណរដ្ឋប្រជាមានិតចិន ជាប្រទេសទី៤ដែលសម្តេចប្រធានរដ្ឋសភាបានបំពេញទស្សនកិច្ចផ្លូវការនៅក្រៅប្រទេសនៅក្នុងរយៈពេល១ឆ្នាំនៃដើមអាណត្តិ រដ្ឋសភា នីតិកាលទី៧។ សម្តេចប្រធានរដ្ឋសភា បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ឡាវ ថៃ និងប្រទេសបារាំង។ នៅដើមនីតិកាលទី៧នេះ រដ្ឋសភាកម្ពុជាបានបំពេញតួនាទីការទូតសភាយ៉ាងសកម្ម ដោយបានខិតខំពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសជាមិត្ត ស្របតាម គោលការណ៍ «រក្សាចាស់ បង្កើតថ្មី»។
 
ការទូតសភាដើរតួនាទីកាន់តែសំខាន់ខ្លាំងឡើងនៅក្នុងកិច្ចការពារអធិបតេយ្យភាព ឯករាជ្យជាតិ និងការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជាការរួមចំណែក ពង្រឹងគោលការណ៍ពហុនិយម លើកកម្ពស់វប្បធម៌សន្ទនា ដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម​ និងការអភិវឌ្ឍប្រកបដោយ ចីរភាពដល់តំបន់​ និងពិភពលោក​ ក្នុងបរិបទកំពុងប្រឈមការប្រែប្រួលមិនទៀងទាត់​ និងឆាប់រហ័ស​ ការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ និងសន្តិសុខមិនមែនប្រពៃណី ដូចជាជំងឺឆ្លង និងការប្រែប្រួលអាកាសធាតុជាដើម​ ។ល។ ៕