ព្រៃវែង៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ឱ្យសម្លឹងមើលឱកាសនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចាប់យកជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង និងឈានទៅបង្កើតមុខរបរ សំដៅលើកស្ទួយជីវភាពគ្រួសារ។
ឯកឧត្តម អនុប្រធានទី២រដ្ឋសភា បានផ្តល់អនុសាសន៍ដ៏មានសារៈសំខាន់នេះ នៅក្នុងឱកាសដែល ឯកឧត្តម បានជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ដែលទទួលបានលទ្ធផលល្អ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ មកពីវិទ្យាល័យជាច ស្ថិតក្នុង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្តម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើការ បណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ ជាពិសេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ដើម្បីផ្តល់ឱកាសឱ្យពួកគេទទួលបានជំនាញច្បាស់លាស់ ក្នុងរយៈពេលខ្លី ដើម្បីចាប់យមុខរបរ បង្កើតចំណូលសំដៅលើកកម្ពស់ជីវភាព គ្រួសារ និងសេដ្ឋកិច្ចជាតិ។
សូមជម្រាបថា៖ ការជ្រើសរើសផ្លូវជីវិតក្រោយពេលបញ្ចប់ការសិក្សាមធ្យមសិក្សា គឺជាឱកាសដ៏សំខាន់មួយសម្រាប់យុវជនគ្រប់រូប។ ក្នុងបរិបទដែល ទីផ្សារការងារកំពុងមានការប្រកួតប្រជែងខ្ពស់ ការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស (TVET) កំពុងក្លាយជាជម្រើសដ៏ឆ្លាតវៃ និងជាកាតាលីករដ៏មានឥទ្ធិពលក្នុងការជួយឱ្យយុវសិស្សចាប់យកជំនាញច្បាស់លាស់ត្រៀមខ្លួនរួចជាស្រេច សម្រាប់ទីផ្សារការងារ និងឈានទៅបង្កើតមុខរបរផ្ទាល់ខ្លួន ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង៕
