លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » កម្ពុជា-ជប៉ុន ប្តេជ្ញារួមគ្នាពង្រឹងអភិបាលកិច្ចឌីជីថល ពាណិជ្ជកម្ម និងបរិវត្តកម្មបៃតង ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ចក្នុងតំបន់
កម្ពុជា-ជប៉ុន ប្តេជ្ញារួមគ្នាពង្រឹងអភិបាលកិច្ចឌីជីថល ពាណិជ្ជកម្ម និងបរិវត្តកម្មបៃតង ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ចក្នុងតំបន់
Prepaired By: NA0989 ​ Date: (9/8/2026 11:18:48 PM )

ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង និងជាប្រធានក្រុមទីប្រឹក្សារដ្ឋសភា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំយុទ្ធសាស្ត្រជាមួយគណៈប្រតិភូនៃវិទ្យាស្ថានកិច្ចការអន្តរជាតិជប៉ុន (JIIA) ដឹកនាំដោយលោក Kensuke Yanagida អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន ដើម្បីពង្រឹងចំណងមិត្តភាព និងភាពជាដៃគូរវាងកម្ពុជា-ជប៉ុនឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យអភិបាលកិច្ចឌីជីថល នយោបាយពាណិជ្ជកម្ម និងបរិវត្តកម្មបៃតង (GX) ដែលកំពុងប្រឈមមុខនឹងសម្ពាធ និងការបង្ខិតបង្ខំសេដ្ឋកិច្ចពីខាងក្រៅ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការរៀបចំយន្តការទប់ទល់ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ ប្រឈមមុខនឹងការប្រែប្រួលតម្លៃថាមពលជាសកល ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ជាពិសេសការគំរាមកំហែងពីប្រទេសថៃ តាម    រយៈជម្លោះព្រំដែន។ក្នុងនោះ កម្ពុជាកំពុងជំរុញយ៉ាងសកម្មលើការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍមូលធនមនុស្ស និងការពង្រីកបណ្តាញពាណិជ្ជកម្ម ដោយបានត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចបំផុត (LDC) នៅត្រឹមឆ្នាំ២០២៩ ដើម្បីជៀសផុតពីអន្ទាក់ប្រាក់ចំណូលមធ្យម។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតបានរំលេចបន្ថែមពីសមិទ្ធផលលេចធ្លោ និងទិសដៅយុទ្ធសាស្ត្ររបស់កម្ពុជា រួមមានការសម្រេចបានជោគជ័យនៃ «ប្រព័ន្ធទូទាត់បាគង» របស់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ឯករាជ្យភាពហិរញ្ញវត្ថុ ការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារសាធារណៈ «verify.gov.kh» និងការអនុវត្តវិធានការអន្តរាគមន៍សេដ្ឋកិច្ចដែលផ្តោតលើការពង្រឹងសមត្ថភាព និងការប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម (SMEs)។

បន្ថែមលើនេះ កម្ពុជាបន្តជំរុញសមាហរណកម្មពាណិជ្ជកម្មតាមរយៈការចូលរួមយ៉ាងសកម្មក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងបន្តវឌ្ឍនភាពដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ព្រមទាំងការរៀបចំវិធានការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាឆ្លងដែន ដោយកម្ពុជាគ្រោងនឹងរៀបចំសន្និសីទអន្តរជាតិនាពេលខាងមុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាសកល ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្ស។
 
ដោយឡែក គណៈប្រតិភូ JIIA បានចែករំលែកនូវទស្សនទានសំខាន់ៗអំពីច្បាប់ស្តីពីការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ជាពិសេសបទពិសោធន៍នៃការតែងតាំងរដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខសេដ្ឋកិច្ចជាយុទ្ធសាស្ត្រ។ ក្នុងនោះ តំណាងគណៈប្រតិភូ រួមមាន លោក Kensuke Yanagida និងលោក Shin Oya បានបង្ហាញលម្អិតអំពីផែនការនីតិកម្មសន្តិសុខសេដ្ឋកិច្ចរបស់ជប៉ុន ដែលឈរលើសសរស្ដម្ភសំខាន់ៗចំនួនបួន គឺការធានាសន្តិសុខនៃខ្សែសង្វាក់ផ្គត់ផ្គង់ ការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ការបង្កើតប្រព័ន្ធប្រកាសនីយបត្រតក្កកម្មសម្រាប់របកគំហើញថ្មីៗ ដែលងាយនឹងចម្លង និងការសម្រេចបាននូវ «ភាពចាំបាច់ជាយុទ្ធសាស្ត្រ» តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាដែលមានលក្ខណៈពិសេស និងឯកទេសកម្មកម្រិតខ្ពស់។

ជាលទ្ធផលនៃកិច្ចពិភាក្សា ភាគីទាំងពីរ កម្ពុជា-ជប៉ុន បានប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ    អាស៊ាន-ជប៉ុន ដែលជាគ្រឹះយ៉ាងសំខាន់សម្រាប់ការថែរក្សាប្រព័ន្ធពាណិជ្ជកម្មដោយផ្អែកលើវិធានច្បាប់ និងការទប់ទល់នឹងការបង្ខិតបង្ខំសេដ្ឋកិច្ចនៅក្នុងតំបន់ តាមរយៈការសម្របសម្រួលគោលដៅយុទ្ធសាស្ត្រឱ្យមានភាពស៊ីសង្វាក់គ្នា និងការបន្តផ្លាស់ប្តូរបទពិសោធន៍លើក្របខ័ណ្ឌច្បាប់ទៅវិញទៅមកនាពេលអនាគត។