កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង រួមជាមួយក្រុមការងារ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់សម្ភារៈការិយាល័យរដ្ឋបាល ដល់រដ្ឋបាលឃុំអំពិលទឹក និងចុះសួរសុខទុក្ខប្រធានភូមិ អតីតប្រធាន និងអនុប្រធានភូមិ ដែលកំពុងមានជំងឺ និងចាស់ជរា នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បាននាំនូវប្រសាសន៍ផ្ដាំផ្ញើរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរដល់អតីតមន្ត្រីរាជការគ្រប់ស្រទាប់វណ្ណៈ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានភូមិ អតីតប្រធាន និងអនុប្រធានភូមិ ទាំង ៤ រូប ដែលបានបម្រើសេវារដ្ឋបាលសាធារណៈ និងសម្របសម្រួលការងារ ជូនបងប្អូនប្រជាពលរដ្ឋដោយមិនគិតការនឿយហត់ ក្នុងរយៈពេលកន្លង មក។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ក៏បាននាំយកនូវសម្ភារៈប្រើប្រាស់មួយចំនួន រួមមានកុំព្យូទ័រ ម៉ាស៊ីនព្រីន ម៉ាស៊ីនបញ្ចាំងស្លាយ និងផ្ទាំងបញ្ចាំងស្លាយ ដែលជាអំណោយរបស់លោក យោគ សុវណ្ណារ៉ា ជាក្រុមការងារចុះមូលដ្ឋានឃុំអំពិលទឹក ជូនដល់រដ្ឋបាលឃុំអំពិលទឹកផងដែរ។
ការផ្ដល់ជូនសម្ភារៈការិយាល័យប្រើប្រាស់ខាងលើនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញ និងពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងសម្រាប់តម្រូវការប្រើប្រាស់ជាចាំបាច់ក្នុងកិច្ចការងាររដ្ឋបាលរបស់ឃុំអំពិលទឹក៕
