វិមានរដ្ឋសភា៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កំពុងពន្លឿនការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃ «កិច្ចសន្ទនាជាមួយពហុភាគីពាក់ព័ន្ធរបស់ សភា» នាចុងខែសីហា ឆ្នាំ២០២៦ ខាងមុខ ដើម្បីជំរុញរបៀបវារៈអាស៊ានស្តីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវលើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ (ASEAN RAI) សំដៅធានាសន្តិសុខស្បៀង និងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុក្នុងតំបន់។
នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្ដេចប្រធានរដ្ឋសភា បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ពិភាក្សាលម្អិតលើផែនការសកម្មភាពរួម និងការរៀបចំផ្នែកបច្ចេកទេស។
របាយការណ៍រួមដែលបង្ហាញដោយ ឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយកនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន រួមជាមួយតំណាងនាយកដ្ឋានជំនាញ បានបញ្ជាក់ពីការត្រៀមលក្ខណៈសម្បត្តិគ្រប់ជ្រុងជ្រោយ ទាំងលើទិដ្ឋភាពខ្លឹមសារ ភស្តុភារ និងបច្ចេកទេស ដើម្បីធានាឱ្យព្រឹត្តិការណ៍ថ្នាក់តំបន់នេះដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមការងារ ព្រមទាំងបានដាក់ចេញនូវការណែនាំជំរុញលេីកទឹកចិត្តឱ្យគ្រប់នាយកដ្ឋានពាក់ព័ន្ធ បន្តសម្របសម្រួលការងារជិតស្និទ្ធ និងដោះស្រាយបញ្ហាប្រឈម ឱ្យបានទាន់ពេលវេលា, បន្តយកចិត្តទុកដាក់ខ្ពស់លើការងារពិធីការ ការទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាតិ-អន្តរជាតិ និងកិច្ចការពារសន្តិសុខ សុវត្ថិភាពឱ្យបានហ្មត់ចត់បំផុត ជាមួយគ្នានេះពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាន ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ក៏បានជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្ហាញឱ្យឃើញកាន់តែច្បាស់ពីតួនាទី សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់សភាកម្ពុជាលើឆាកអន្តរជាតិផងដែរ។
