ខេត្តក្រចេះ៖ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយគ្រួសារខ្វះខាត ចាស់ជរា និងគ្រួសារគ្មានទីពឹង ចំនួន ១០០គ្រួសារ មកពីឃុំជ្រោយបន្ទាយ ឃុំសោប ឃុំព្រែកប្រសព្វ និងឃុំកំពង់គរ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ស្ថិតក្នុងបរិវេណវត្តសម្តេចព្រះនាគសែន ក្នុងភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ទ្រី សុភក្តិ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំជ្រោយបន្ទាយ និងឃុំសោប លោក ធីម ស៊ាងឡេង លោក ប៉ិច ងន់ស្រ៉ឺ លោកស្រី វ៉ាន់ ម៉ាលីស និងស្វាមី ព្រមទាំងសប្បុរសជន និងក្រុមការងារថ្នាក់ខេត្ត ស្រុក និងឃុំជាច្រើនរូបទៀត។
ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម សរ ចំរុង បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករលឹក និងក្តីអាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលថ្នាក់ដឹកនាំកំពូលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រស់នៅដោយគ្មានការយកចិត្តទុកដាក់នោះឡើយ។
បន្ទាប់មក ឯកឧត្តម សរ ចំរុង និងក្រុមការងារបានចែកអំណោយដល់ប្រជាពលរដ្ឋចំនួន១០០ គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន អង្គរ ៥០គីឡូក្រាម ត្រីខ ១ដុំ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកា ៥០,០០០រៀល និងបានប្រគេនអង្គរ ១០០គីឡូក្រាម ភេសជ្ជៈ៣កេសជូនដល់ព្រះគ្រូចៅអធិការវត្តសម្តេចព្រះនាគសែន ដើម្បីប្រើប្រាស់ក្នុងវត្តអារាមផងដែរ៕
