ខេត្តព្រៃវែង៖ ឯកឧត្តម ពេជ្រ ជីវ័ន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋប្រមាណជាង ៣០០នាក់ នៅស្រុកបាភ្នំ ខេត្តព្រៃវែង។
ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំយ៉ាងច្រើនកុះករ។
លោក ម៉ៅ អ៊ាង ប្រធានក្រុមប្រឹក្សាស្រុកបាភ្នំ បានជម្រាបជូនពីស្ថានភាពទូទៅ ក៏ដូចជាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការវិវត្តរីកចម្រើនគ្រប់វិស័យរបស់ស្រុកបាភ្នំ ជូនដល់អង្គពិធីបានជ្រាប។
ឯកឧត្តម ពេជ្រ ជីវ័ន បានមានប្រសាសន៍ទៅកាន់អង្គពិធីដោយសម្តែងនូវមោទនភាពចំពោះវឌ្ឍនភាពជាង ២ឆ្នាំកន្លងមករបស់រដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជាស្ត្រីដំបូងគេ ដែលកំពុងជំរុញការធ្វើទំនើបកម្ម និងកំណែទម្រង់ស្ថាប័នរដ្ឋសភាយ៉ាងស៊ីជម្រៅ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលកំពុងអនុវត្ត "យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១" ដោយផ្ដោតលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ដើម្បីឆ្លុះបញ្ចាំងពីតួនាទីរបស់រដ្ឋសភា ឯកឧត្តម បានពន្យល់ពីភារកិច្ចស្នូលទាំង ៣ របស់តំណាងរាស្ត្រ រួមមាន៖
មុខងារនីតិកម្ម គឺការពិភាក្សា និងអនុម័តច្បាប់។ មុខងារតាមដានការអនុវត្តច្បាប់ គឺការធានាតម្លាភាព និងប្រសិទ្ធភាពរដ្ឋបាលសាធារណៈ និងមុខងារភាពជាតំណាង គឺការចុះមូលដ្ឋានដើម្បីដឹងសុខទុក្ខ និងជួយអន្តរាគមន៍ដោះស្រាយសំណូមពររបស់ពលរដ្ឋ។
ឯកឧត្តម ក៏បានជម្រាបជូនពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃដោយសង្កត់ធ្ងន់លើការថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ និងបញ្ជាក់ថា កម្ពុជាប្តេជ្ញាប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង (វៀតណាម ឡាវ និងថៃ) ទៅជា «ព្រំដែននៃមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ»។ ជាក់ស្តែង ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាបានសម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកងទ័ពថៃតាមយន្តការសន្តិវិធី និងបន្តដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ ដោយប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់កម្លាំងយោធា។
ជាចុងក្រោយ ឯកឧត្តម បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមូលដ្ឋាន (ខេត្ត ស្រុក ឃុំ ភូមិ) នូវទិសដៅការងារអាទិភាពចំនួន ៦ ចំណុចដូចខាងក្រោម៖
១-ការការពារអធិបតេយ្យ និងសន្តិភាពប្រកាសគាំទ្រពេញទំហឹងលើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងនឹងការរំលោភបំពានពីយោធាថៃ ព្រមទាំងទប់ស្កាត់ពួកជ្រុលនិយមដែលបង្កចលាចល។
២-ការសន្សំសំចៃថាមពលចូលរួមអនុវត្តវិធានការសន្សំសំចៃប្រេងឥន្ធនៈ និងអគ្គិសនី ដើម្បីឆ្លើយតបនឹងវិបត្តិសង្គ្រាមមជ្ឈឹមបូព៌ាដែលធ្វើឱ្យតម្លៃថាមពលកើនឡើង ព្រមទាំងជួយសម្រួលចរាចរណ៍ក្នុងម៉ោងមមាញឹក។
៣-ការអប់រំស្មារតីសន្តិភាពបន្តអប់រំប្រជាជន និងយុវជនឱ្យយល់ពីគុណតម្លៃនៃសន្តិភាព ដែលរកបានដោយលំបាកបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន។
៤-ការពង្រឹងរដ្ឋបាលនិងសេវាសាធារណៈពង្រឹងមន្ត្រីបង្គោល (មេឃុំ មេប៉ុស្តិ៍ ស្មៀន មេភូមិ) ឱ្យផ្តល់សេវាសាធារណៈទាន់ពេល ប្រើកាយវិការទន់ភ្លន់ និងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព (លុបបំបាត់ក្មេងទំនើង និងគ្រឿងញៀន)។
៥-ការជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សព្វផ្សាយ និងលើកទឹកចិត្តយុវជនមកពីគ្រួសារក្រីក្រ ឱ្យចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ តាមរយៈប្រព័ន្ធទូរស័ព្ទលេខ ១២៩៧ របស់ក្រសួងការងារ។
៦-ការរក្សាស្ថិរភាពសេដ្ឋកិច្ចមូលដ្ឋាន រួមគ្នាទប់ស្កាត់អតិផរណា រក្សាតម្លៃទំនិញនៅលើទីផ្សារ ជំរុញការផលិតក្នុងស្រុករបស់កសិករ និងសហគ្រាស ព្រមទាំងសហការស្វែងរកទីផ្សារកសិផល។
ពិធីសំណេះសំណាលនេះ មិនត្រឹមតែជាការបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរដ្ឋសភាចំពោះសុខទុក្ខពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការដាក់ចេញនូវយុទ្ធសាស្ត្ររួមគ្នារវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាបាននូវសន្តិសុខព្រំដែន ស្ថិរភាពសេដ្ឋកិច្ច និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
