រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ ណូវ៉ូតែល ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា បានរៀបចំពិធីលៀងសាយភោជន៍ទទួលស្វាគមន៍គណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំស្តីពី «ការវិនិយោគសម្រាប់សន្តិសុខស្បៀង និងអាកាសធាតុ» (ASEAN RAI) ខណៈដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
ពិធីលៀងសាយភោជន៍នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល រីករាយ និងភាតរភាពយ៉ាងកក់ក្តៅ ដើម្បីសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ ព្រមទាំងពង្រឹងចំណងមិត្តភាព លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ល្អៗ រវាងសភានៃបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់។
សូមបញ្ជាក់ថា កិច្ចប្រជុំ ASEAN RAI គឺជាវេទិកាតំបន់ដ៏មានសារៈសំខាន់ ក្នុងការជួបជុំពិភាក្សា និងផ្លាស់ប្តូរទស្សនៈ សំដៅជំរុញការវិនិយោគប្រកបដោយចីរភាព ចូលរួមចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់អាស៊ាន៕
