ខេត្តកណ្តាល៖ នាយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញមកដល់កម្ពុជាដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមកិច្ចប្រជុំកម្រិតតំបន់ស្ដីពី «ការវិនិយោគប្រកបដោយការទទួលខុសត្រូវសម្រាប់សន្តិសុខស្បៀង និងអាកាសធាតុ (ASEAN RAI)» ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងឱកាសនោះ ឯកឧត្តម សុះ មុះសិន សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) និងឯកឧត្តម វ៉ាន់ ដារ៉ា សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម បរិស្ថាន និងអភិវឌ្ឍន៍ជនបទ (គណៈកម្មការទី៣) នៃរដ្ឋសភា បានអញ្ជើញទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍គណៈប្រតិភូសភាប្រទេសទាំងពីរដាច់ដោយឡែកពីគ្នានៅអាកាសយានដ្ឋានអន្តរជាតិតេជោយ៉ាងកក់ក្តៅជាទីបំផុត។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា តាមទម្រង់ផ្ទាល់ និងតាមប្រព័ន្ធនិម្មិត (Zoom) ដោយផ្តោតលើរបៀបវារៈសន្ទនាគោលនយោបាយសំខាន់ៗចំនួន ៤ រួមមាន៖
ទី១. ប្រព័ន្ធស្បៀងអាហារដែលធន់នឹងអាកាសធាតុ និងការជំរុញរបៀបវារៈ ASEAN RAI
ទី២. ការស្វែងយល់ស៊ីជម្រៅលើវិមាត្រសេដ្ឋកិច្ចនៃការវិនិយោគប្រកបដោយការទទួលខុសត្រូវ
ទី៣. ការពង្រឹងសកម្មភាពសភា និងភាពជាដៃគូពហុភាគី ដើម្បីសន្តិសុខស្បៀង និងអាកាសធាតុ
ទី៤. ការប្រែក្លាយកិច្ចសន្ទនាទៅជាសកម្មភាពជាក់ស្ដែង តាមរយៈតួនាទីរបស់សមាជិកសភា
ព្រឹត្តិការណ៍នេះ មានការចូលរួមពីប្រតិភូសភានៃបណ្តាប្រទេសជាសមាជិក AIPA, សមាជិកសមាជិកាសភាកម្ពុជា, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងដៃគូអភិវឌ្ឍន៍នានា ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ ស្របតាមក្របខ័ណ្ឌអនុវត្តរបស់សភាអាស៊ាន ស្ដីពីការវិនិយោគក្នុងវិស័យស្បៀង កសិកម្ម និងព្រៃឈើ ឆ្នាំ២០២៤-២០៣០៕
