ខេត្តកំពត៖ ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ម្សិលមិញនេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យមានរិទ្ធិ ព្រមទាំងចុះពិនិត្យសមិទ្ធផល និងសួរសុខទុក្ខតាជី យាយជី នៅវត្តសិរីសោភា ស្ថិតក្នុងឃុំកណ្ដោល ស្រុកទឹកឈូ។
នាឱកាសនោះ ឯកឧត្ដមបណ្ឌិត បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តវិនិយោគលើការអប់រំ និងការកសាងសមិទ្ធផលនានាក្នុងព្រះពុទ្ធសាសនា ដោយចាត់ទុកថាចំណេះដឹង គុណធម៌ និងសីលធម៌ គឺជាគ្រឹះស្នូលមិនអាចខ្វះបានក្នុងការអភិវឌ្ឍធនធានមនុស្ស និងសង្គមជាតិប្រកបដោយចីរភាព។
ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ឯកឧត្ដមបណ្ឌិត បានចំណាយថវិកាផ្ទាល់ខ្លួនប្រមាណ ៣០លានដុល្លារ ចូលរួមសាងសង់អគារសិក្សាជិត ១៥០ខ្នង ផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតជិត ៥,០០០នាក់ និងចូលរួមកាត់ឫសសីមាវត្តអារាមចំនួន ៧៩វត្ត ក្នុងខេត្តកំពត។
ទន្ទឹមនឹងនេះ ឯកឧត្ដមបណ្ឌិត បានឧបត្ថម្ភថវិកា និងទឹកដោះគោដល់សិស្សបឋមសិក្សា, ថវិកាដល់សិស្សអនុវិទ្យាល័យ លោកគ្រូ-អ្នកគ្រូ និងតាជី-យាយជី ព្រមទាំងបានប្រគេនបច្ច័យកសាងដល់វត្តអារាមចំនួន ២០០លានរៀល ដើម្បីទ្រទ្រង់វិស័យព្រះពុទ្ធសាសនា និងសកម្មភាពសង្គមក្នុងមូលដ្ឋានផងដែរ៕
