(មែលប៊ន, អូស្ត្រាលី)៖ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូចូលរួម «វេទិកាសភា ស្តីពីជំងឺទឹកនោមផ្អែម ឆ្នាំ២០២៦ សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច» នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។
ពិធីបើកវេទិកាសភានេះ បានប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម Mark Butler រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រជាជនវ័យចាស់អូស្ត្រាលី និងឯកឧត្តម Steve McGhie សមាជិកសភារដ្ឋវិកតូរីយ៉ា (Victoria) ព្រមទាំងមានការចូលរួមពីតំណាងសមាគមទឹកនោមផ្អែមអូស្ត្រាលី និងប្រធានបណ្តាញសភាសកល ស្តីពីជំងឺទឹកនោមផ្អែម។
ថ្លែងក្នុងពិធីបើក វាគ្មិនជំនាញបានគូសបញ្ជាក់ថា តំបន់ប៉ាស៊ីហ្វិកខាងលិច បច្ចុប្បន្នកំពុងប្រឈមនឹងអត្រាអ្នកកើតជំងឺទឹកនោមផ្អែមខ្ពស់ជាងគេមួយក្នុងចំណោមតំបន់នានាលើពិភពលោក។ គម្លាតនៃការអភិវឌ្ឍមិនស្មើគ្នារវាងបណ្តាប្រទេសក្នុងតំបន់ បានក្លាយជាបញ្ហាប្រឈមចម្បងក្នុងការបង្ការ និងព្យាបាល។ ជាមួយគ្នានេះ អង្គវេទិកាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការផ្តល់ការថែទាំអ្នកជំងឺឱ្យបានគ្រប់ជ្រុងជ្រោយទាំងផ្នែករូបរាងកាយ និងផ្លូវចិត្ត ព្រមទាំងបានស្តាប់នូវបទពិសោធផ្ទាល់ពីអ្នកជំងឺទឹកនោមផ្អែមក្នុងការតស៊ូមតិ ដើម្បីទាមទារការយកចិត្តទុកដាក់កាន់តែខ្លាំងពីគ្រប់ភាគីពាក់ព័ន្ធ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងស្របគ្នាជាមួយ «វេទិកាអន្តរជាតិ ស្តីពីជំងឺទឹកនោមផ្អែម» ក្រោមកិច្ចសហការរវាងសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ (IDF), សមាគមទឹកនោមផ្អែមអូស្ត្រាលី និងសមាគមអ្នកអប់រំទឹកនោមផ្អែមអូស្ត្រាលី។
តាមរយៈវេទិកាកម្រិតអន្តរជាតិនេះ លោកជំទាវប្រធានគណៈប្រតិភូកម្ពុជា នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ការទទួលបានសេវាថែទាំ និងសមភាពក្នុងការអនុវត្តជាក់ស្តែង» ដើម្បីចែករំលែកនូវទស្សនទាន និងបទពិសោធរបស់កម្ពុជា។
វេទិកានេះបានប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ គ្រូពេទ្យឯកទេស អ្នកវិទ្យាសាស្ត្រ និងសាជីវកម្មវេជ្ជសាស្ត្រប្រមាណ ៣.០០០ នាក់ មកពីទូទាំងតំបន់ប៉ាស៊ីហ្វិកខាងលិច និងតំបន់ជុំវិញ ដើម្បីផ្លាស់ប្តូរបទពិសោធ ពិភាក្សាលើបញ្ហាប្រឈម និងបង្ហាញពីរបកគំហើញថ្មីៗក្នុងការព្យាបាល និងថែទាំជំងឺទឹកនោមផ្អែមប្រកបដោយប្រសិទ្ធភាព៕
