វិមានរដ្ឋសភា៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានរដ្ឋសភា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាល និងការយោគយល់គ្នានេះ សម្ដេចប្រធានរដ្ឋសភាបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុតចំពោះវត្តមានរបស់ ឯកឧត្តម ប្រធានាធិបតីមីយ៉ាន់ម៉ា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់។
សម្ដេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ ស្របពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៧១ នៃទំនាក់ទំនងការទូតផ្លូវការ (១៩៥៥-២០២៦)។
សម្ដេចរដ្ឋសភាធិបតី បានគូសរំលេចថា ចំណងមិត្តភាពកម្ពុជា-មីយ៉ាន់ម៉ា មានឫសគល់យ៉ាងជ្រៅតាមរយៈប្រវត្តិសាស្ត្រ វប្បធម៌ និងជំនឿព្រះពុទ្ធសាសនាដូចគ្នា ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងទំនុកចិត្ត ការគោរពឯករាជ្យ អធិបតេយ្យ និងមិនមានការ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក ក្នុងនាមជាគ្រួសារអាស៊ានតែមួយ។
សម្ដេចមហារដ្ឋសភាធិការធិបតី បានគូសបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋសភាកម្ពុជា ចំពោះលទ្ធផលនៃកិច្ចពិភាក្សា រវាងសម្ដេចតេជោហ៊ុនសែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា ក៏ដូចជាលទ្ធផលនៃកិច្ចពិភាក្សាការងាររវាងសម្ដេចបវរធិបតីហ៊ុន ម៉ាណែត និងឯកឧត្តម មីន អោងឡាំង ដោយមានការចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ០៤ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កាលពីព្រឹកមិញ។ ឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗទាំង ០៤ នោះរួមមាន៖
ទី១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។
ទី២៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។
ទី៣៖ វិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងវប្បធម៌ សណ្ឋាគារ និងទេសចរណ៍ នៃរដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ទី៤៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។
សម្ដេចប្រធានរដ្ឋសភា បានគូសរំលេចថា លិខិតូបករណ៍គតិយុត្តទាំងនេះ នឹងក្លាយជាកម្លាំងចលករដ៏មានសារៈសំខាន់ ក្នុងការជម្រុញពាណិជ្ជកម្ម ការវិនិយោគ ព្រមទាំងបង្កើនការផ្លាស់ប្ដូរវប្បធម៌ ទេសចរណ៍ ព័ត៌មាន និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស្អិតល្មួតទ្វេឡើង។
ក្នុងតួនាទីជាស្ថាប័នតំណាងឱ្យសំឡេងរបស់ប្រជាពលរដ្ឋ សម្ដេចប្រធានរដ្ឋសភា បានលើកឡើងស៊ីជម្រៅអំពីតួនាទីស្នូលនៃ «ការទូតសភា» ដែលដើរតួជាកម្លាំងចលករដ៏សំខាន់ក្នុងការបំពេញបន្ថែមឱ្យការទូតនីតិប្រតិបត្តិ ពោលគឺនៅពេលដែលទំនាក់ទំនងកម្រិតនីតិប្រតិបត្តិជួបប្រទះភាពស្មុគស្មាញ ឬរាំងស្ទះ ការទូតសភាអាចបើកច្រកសន្ទនា ដើម្បីស្វែងរកដំណោះស្រាយរួមប្រកបដោយភាពបត់បែន។ ក្នុងន័យនេះ សម្ដេចបានស្នើឱ្យរដ្ឋសភា នៃប្រទេសទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងឱ្យកាន់តែស៊ីជម្រៅ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងគណៈកម្មការជំនាញនានារបស់សភា ការបង្កើនសកម្មភាពរបស់ក្រុមមិត្តភាពសភាកម្ពុជា-មីយ៉ាន់ម៉ា ការលើកកម្ពស់តួនាទីរបស់សមាជិកសភាវ័យក្មេង និងសមាជិកសភាជាស្ត្រី ព្រមទាំងការពង្រឹងសមត្ថភាព និងផ្លាស់ប្ដូរបទពិសោធន៍រវាងអគ្គលេខាធិការដ្ឋាននៃរដ្ឋសភាទាំងពីរ។
ទន្ទឹមនឹងនេះ សម្ដេចមហារដ្ឋសភាធិការធិបតី បានចែករំលែកទស្សនទានដ៏មានតម្លៃអំពី «គុណតម្លៃនៃសន្តិភាព» ដោយផ្អែកលើមេរៀន និងបទពិសោធន៍ជាក់ស្ដែងដែលកម្ពុជាធ្លាប់បានឆ្លងកាត់។ សម្ដេចបានគូសបញ្ជាក់យ៉ាងច្បាស់ថា «សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានឡើយ» ហើយសង្គ្រាមកើតឡើងមានតែអ្នកចាញ់និងអ្នកចាញ់ប៉ុណ្ណោះ ដោយក្នុងនោះស្ត្រី និងកុមារគឺជាជនរងគ្រោះធ្ងន់ធ្ងរជាងគេ។ បើគ្មានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញទេ នោះការអភិវឌ្ឍសេដ្ឋកិច្ច ការកែលម្អជីវភាពរស់នៅ ការអប់រំ និងការការពារសម្បត្តិបេតិកភណ្ឌជាតិ ក៏មិនអាចសម្រេចទៅបានដែរ។ ដូច្នេះ មានតែការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិប៉ុណ្ណោះ ទើបអាចនាំមកនូវសុខសន្តិភាព និងការបង្រួបបង្រួមជាតិពិតប្រាកដ។ លើសពីនេះ សម្ដេចបានសម្ដែងនូវសេចក្ដីសង្ឃឹមថា មីយ៉ាន់ម៉ានឹងអាចដើរតួនាទីកាន់តែសកម្មនៅក្នុងសហគមន៍អាស៊ាន ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពទូទាំងតំបន់។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចក៏បានថ្លែងអំណរគុណដល់មីយ៉ាន់ម៉ា ចំពោះការគាំទ្រ និងការបញ្ជូនថ្នាក់ដឹកនាំសភាមកចូលរួមកិច្ចប្រជុំអន្តរសភានានាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងមក ព្រមទាំងការគាំទ្រដល់ដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។
ជាការឆ្លើយតប ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា បានសម្ដែងនូវការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ច និងការស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុតពីសំណាក់ សម្ដេចប្រធានរដ្ឋសភា ក៏ដូចជាការរៀបចំទទួលស្វាគមន៍យ៉ាងល្អឥតខ្ចោះរបស់ សម្តេចតេជោ សម្តេចបវរធិបតី និងប្រជាជនកម្ពុជាទាំងអស់។
ឯកឧត្តមក៏បានសម្ដែងការអបអរសាទរចំពោះ សម្ដេចមហារដ្ឋសភាធិការធិបតី ដែលជាស្ត្រីដំបូងគេបង្អស់បានកាន់តំណែងជាប្រធានរដ្ឋសភាកម្ពុជា ព្រមទាំងបានកោតសរសើរ ចំពោះការដឹកនាំដ៏ឈ្លាសវៃ ក្នុងការលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យនយោបាយ ក្នុងនោះសម្រាប់ប្រទេសមីយ៉ាន់ម៉ាក៏លើកកម្ពស់តួនាទីស្រ្តី ដោយមានអនុប្រធានាធិបតីស្រ្តីរបស់ខ្លួនដូចគ្នាដែរ។
ឯកឧត្តមប្រធានាធិបតី បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់មីយ៉ាន់ម៉ាក្នុងការបន្តថែរក្សា និងពូនជ្រំចំណងមិត្តភាពជាប្រពៃណី ការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការពារជាតិ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន, កិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ ទាំងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការ ក្រុមមិត្តភាព ស្រ្តី និងយុវជន។
ឯកឧត្តម មីន អោងឡាំង ក៏បានសម្ដែងការឯកភាពទាំងស្រុងចំពោះទស្សនទានស្ដីពីសន្តិភាព ដោយបានគូសបញ្ជាក់ថា មីយ៉ាន់ម៉ាកំពុងខិតខំប្រឹងប្រែងដើម្បីស្ដារសន្តិភាព ស្ថិរភាព និងឯកភាពជាតិឡើងវិញ ហើយកម្ពុជាគឺជាប្រទេសគំរូដ៏សំខាន់មួយក្នុងការចែករំលែកមេរៀនបទពិសោធន៍នៃការស្វែងរកសន្តិភាព និងការអភិវឌ្ឍ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានាធិបតី បានគោរពអញ្ជើញ សម្ដេចប្រធានរដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពេលវេលាសមស្របណាមួយខាងមុខ ដែលភាគីទាំងពីរនឹងបន្តសម្របសម្រួលតាមយន្តការការទូតជាបន្តបន្ទាប់៕
