ព្រៃវែង៖ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សដែលទទួលបានលទ្ធផលល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ មកពីវិទ្យាល័យជាច និងវិទ្យាល័យសម្តេច ហេង សំរិន អន្លង់ជ្រៃ ស្ថិតក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។
ក្នុងឱកាសនេះ ឯកឧត្តមបានអបអរសាទរ និងកោតសរសើរចំពោះសិស្ស សារឹត ជីវន់ ដែលទទួលបាននិទ្ទេស A ព្រមទាំងបានបញ្ជាក់ថា សមិទ្ធផលនេះកើតចេញពីការខិតខំប្រឹងប្រែងរបស់សិស្សផង និងការយកចិត្តទុកដាក់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ ព្រមទាំងការគាំទ្រពីក្រុមគ្រួសារផងដែរ។
ឯកឧត្តមបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ឱ្យបន្តខិតខំសិក្សា ជ្រើសរើសជំនាញសមស្របនឹងសមត្ថភាព និងចំណង់ចំណូលចិត្ត ព្រមទាំងពង្រឹងសីលធម៌ វិន័យ ជំនាញឌីជីថល ក៏ដូចជាភាសាបរទេស ដើម្បីត្រៀមខ្លួនក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព និងចូលរួមអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តមក៏បានរំលឹកពីព្រឹត្តិការណ៍ខែឧសភា ឆ្នាំ១៩៧៨ ដែលជារបត់ប្រវត្តិសាស្ត្រដ៏សំខាន់នៃការក្រោកឈរតស៊ូប្រឆាំងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការសាងសង់ស្តូប និងការចងក្រងប្រវត្តិសាស្ត្រ ដើម្បីស្រាវជ្រាវ រក្សាទុកតឹកតាង និងរំលឹកដល់វីរភាព ការតស៊ូ និងពលិកម្មរបស់អតីតកម្មាភិបាល យុទ្ធជន និងប្រជាជននៃតំបន់ភូមិភាគបូព៌ា ដែលបានតស៊ូប្រឆាំងរបប ប៉ុល ពត រហូតដល់ខែមករា ឆ្នាំ១៩៧៩។
ទន្ទឹមនោះ ឯកឧត្តមបានរំលឹកពីដំណើរការស្តារ និងអភិវឌ្ឍវិស័យអប់រំកម្ពុជាក្រោយឆ្នាំ១៩៧៩ ដែលបានឆ្លងកាត់ការលំបាកជាច្រើន មុននឹងមានការរីកចម្រើនដូចបច្ចុប្បន្ន។ ឯកឧត្តមបានជំរុញឱ្យយុវជនខិតខំសិក្សា កសាងចំណេះដឹង និងសមត្ថភាព ដើម្បីយកទៅបម្រើជាតិ មាតុភូមិ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តដល់សិស្សដែលមិនទទួលបានលទ្ធផលល្អ ឬមិនបានប្រឡងជាប់ កុំឱ្យបាក់ទឹកចិត្ត ប៉ុន្តែអាចបន្តសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីទទួលបានជំនាញសម្រាប់ប្រកបមុខរបរ និងកសាងអនាគតរបស់ខ្លួន។
ក្នុងឱកាសនោះ ឯកឧត្តម វង សូត និងលោកជំទាវ បានឧបត្ថម្ភដល់សិស្សជ័យលាភី ដោយសិស្សនិទ្ទេស A ចំនួន១រូប ទទួលបានម៉ូតូ១គ្រឿង សិស្សនិទ្ទេស B ចំនួន១៣រូប ក្នុងម្នាក់ៗទទួលបាន២០ម៉ឺនរៀល និងសិស្សនិទ្ទេស C ចំនួន៤៩រូប ក្នុងម្នាក់ៗទទួលបាន១០ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភដល់សិស្សនិទ្ទេស D និងE លោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល និងឧបត្ថម្ភអង្ករចំនួន៣តោនដល់សាលាឃុំជាចផងដែរ។
ការលើកទឹកចិត្ត និងការឧបត្ថម្ភនេះ គឺជាការចូលរួមចំណែកលើកស្ទួយវិស័យអប់រំ និងជំរុញទឹកចិត្តយុវជនឱ្យបន្តខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងត្រៀមខ្លួនចូលរួមកសាង និងអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន៕
