វិមានរដ្ឋសភា៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កំពុងពន្លឿនការងារបច្ចេកទេស និងពិធីការ ដើម្បីត្រៀមទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ រួមមាន «កិច្ចសន្ទនាជាមួយពហុភាគីពាក់ព័ន្ធរបស់សភា ស្តីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវសម្រាប់សន្តិសុខស្បៀង និងអាកាសធាតុ» និងកិច្ចប្រជុំក្នុងក្របខ័ណ្ឌសភាប្រើភាសាបារាំង (APF)។
នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំវិមានអាកាស ឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយកនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ប្រធាននាយកដ្ឋាន មន្ត្រីសម្របសម្រួល (LO) និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
របៀបវារៈអាទិភាពនៃកិច្ចប្រជុំត្រៀមលក្ខណៈកិច្ចសន្ទនាពហុភាគីសភាស្តីពីសន្តិសុខស្បៀង និងអាកាសធាតុ៖ ពិនិត្យការរៀបចំផ្នែកបច្ចេកទេស និងភាពរលូននៃកម្មវិធី ក្នុងគោលបំណងជំរុញ និងលើកកម្ពស់របៀបវារៈការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ASEAN RAI)។
កិច្ចប្រជុំក្នុងក្របខ័ណ្ឌសភាប្រើភាសាបារាំង(APF)៖ ពិនិត្យផែនការសកម្មភាព សម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំគណៈកម្មការអប់រំ វប្បធម៌ និងទំនាក់ទំនង ព្រមទាំងកិច្ចប្រជុំបណ្តាញសមាជិកសភាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល។
បន្ទាប់ពីបានស្តាប់របាយការណ៍លម្អិតលើការងារចាត់តាំង ពិធីការ ព័ត៌មាន និងការងារបច្ចេកទេសពីគ្រប់នាយកដ្ឋានជំនាញ ឯកឧត្តម ព្រហ្ម វិរៈ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវរបស់ក្រុមការងារទាំងអស់។
ឯកឧត្តមបានសង្កត់ធ្ងន់លើការបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាឱ្យព្រឹត្តិការណ៍ថ្នាក់តំបន់ និងអន្តរជាតិដ៏មានសារសំខាន់ទាំងនេះប្រព្រឹត្តទៅដោយរលូន ទទួលបានផ្លែផ្កាខ្ពស់ និងចូលរួមលើកកម្ពស់កិត្យានុភាពរបស់រដ្ឋសភាកម្ពុជាលើឆាកអន្តរជាតិ៕
