មែលប៊ន, អូស្ត្រាលី៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមក្នុងកម្មវិធីបិទ «វេទិកាសភាស្តីពីជំងឺទឹកនោមផ្អែម ឆ្នាំ២០២៦ សម្រាប់តំបន់ប៉ាស៊ីហ្វ៊ិកខាងលិច» ដែលប្រព្រឹត្តទៅនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដើម្បីជំរុញវិធានការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខុមាលភាព និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោកជំទាវបានអញ្ជើញទស្សនាការតាំងពិព័រណ៍សកម្មភាពការងារ និងបច្ចេកវិទ្យាទំនើបៗជុំវិញការព្យាបាល និងថែទាំជំងឺទឹកនោមផ្អែម។ ទន្ទឹមគ្នានេះ លោកជំទាវក៏បានចូលទស្សនាស្តង់ពិព័រណ៍របស់សមាគមគ្រូពេទ្យទឹកនោមផ្អែមកម្ពុជា ដែលបានបង្ហាញពីស្នាដៃរបស់ខ្លួនផងដែរ។
លោកជំទាវ សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់សមាគម ក្នុងការរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវ ឡោក ខេង ក៏បានផ្តល់ការលើកទឹកចិត្តដល់សមាគមគ្រូពេទ្យទឹកនោមផ្អែមកម្ពុជា បន្តបេសកកម្មរបស់ខ្លួនឱ្យសកម្មបន្ថែមទៀត ជាពិសេសបង្កើនការផ្សព្វផ្សាយ និងអប់រំទូលំទូលាយអំពីហានិភ័យនៃជំងឺ ព្រមទាំងវិធីសាស្ត្រថែទាំសុខភាពដល់ប្រជាពលរដ្ឋ។
លោកជំទាវបានគូសបញ្ជាក់ថា ការយល់ដឹងរបស់ពលរដ្ឋក្នុងការផ្លាស់ប្តូរទម្លាប់រស់នៅ និងការការពារជាមុន ជាកត្តាដ៏សំខាន់បំផុតក្នុងការកាត់បន្ថយអត្រាអ្នកកើតជំងឺទឹកនោមផ្អែមនៅកម្ពុជាប្រកបដោយចីរភាព។
