នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ទទួលជួបប្រតិភូក្រុមប្រឹក្សាទឹក នៃសភាអាស៊ី ដឹកនាំដោយ លោកសាស្រ្តាចារ្យបណ្ឌិត Yongdeok Cho អគ្គលេខាធិការក្រុមប្រឹក្សាទឹកអាស៊ី (Asian Water Council-AWC) ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន ពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអំពីទឹកនៃសភាអាស៊ី លើកទី៥ ដែលគ្រោងរៀបចំនៅខែមីនា ឆ្នាំ២០២៣ នៅព្រះរាជា- ណាចក្រកម្ពុជា នាឆ្នាំ២០២៣។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូក្រុមប្រឹក្សាទឹកអាស៊ី នៃរដ្ឋសភា សាធារណរដ្ឋកូរ៉េ ដើម្បីពង្រឹង និង អនុវត្តកិច្ចសហប្រតិបត្តិការការទូតសភាសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាសមាជិកនៃក្រុមប្រឹក្សាទឹកអាស៊ីផងដែរ ដែលមានសមាជិកសរុប ១១ប្រទេស។ លោកជំទាវ បានលើកឡើងអំពីសារៈសំខាន់ នៃការគ្រប់គ្រងធនធានទឹក រួមទាំង ទឹកសម្រាប់បរិភោគ ទឹកប្រើប្រាស់ ទឹកស្រោចស្រពក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម ដែលមានភាពចាំបាច់សម្រាប់មនុស្សជាតិ។
នៅក្នុងដំណាក់កាល នៃបម្រែបម្រួលអាកាសធាតុ និងការប្រែប្រួលសណ្តាប់ធ្នាប់ពិភពលោក សន្តិសុខស្បៀង គឺមានសារៈសំខាន់ខ្លាំង- ណាស់ ដើម្បីធានាបាននូវការបម្រើជូនប្រជាជន ក្នុងពេលដែលមានវិបត្តិសង្គ្រាមកើតឡើង។ ហេតុដូចនេះ សន្តិសុខទឹកពិតជាមានភាព- ពាក់ព័ន្ធទៅនឹងវិស័យជាច្រើន ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ការគ្រប់គ្រង និងត្រួតពិនិត្យលើបរិមាណ និងគុណភាពទឹក ទាមទារនូវការយល់ដឹងអំពីវិទ្យាសាស្រ្ត បរិស្ថាន សង្គម និងតម្រូវការរបស់មនុស្ស។ ជាពិសេស ការវិនិយោគលើការកសាងធនធាន មនុស្ស បច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធទឹក។ ការអភិវឌ្ឍទឹកតម្រូវឱ្យការការរៀបចំផែនការមេដែលមានលក្ខណៈស៊ីសង្វាក់ជាប្រព័ន្ធ ស្របនឹងលក្ខណៈទីតាំងភូមិសាស្រ្តរបស់ប្រទេសនីមួយៗ។
សូមជម្រាបជូនថា ក្រុមប្រឹក្សាទឹកនៃសភាអាស៊ី (ASIA NATIONAL ASSEMBLY WATER CONSULTATIVE BOARD) ដែលហៅកាត់ថា “AAWC” ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមសភា នៃបណ្ដាប្រទេស ក្នុងទ្វីបអាស៊ី ដែល កំពុងមានការលំបាកក្នុងការររៀបចំគោលនយោបាយទឹក និងដោះស្រាយបញ្ហាទឹក ដែលទាមទារឱ្យមានការចូលរួមយ៉ាងសកម្ម ក្នុងការ រៀបចំ និងចែករំលែកអំពីការកសាងច្បាប់ គោលនយោបាយទឹក និងដាក់ចេញគោលនយោបាយទឹក សម្រាប់សកម្មភាពអង្គការ នីតិប្បញ្ញតិ្ត និងមានភាពទាក់ទងគ្នាជាមួយនឹងអង្គការនីតិប្រតិបត្តិ។
ក្រុមប្រឹក្សាទឹកនៃសភាអាស៊ីមានអង្គប្រតិបត្តិមួយសំខាន់គឺ ក្រុមប្រឹក្សាទឹកអាស៊ី (Asia Water Council–AWC) ដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១៦ ដើម្បីសម្រេចបាននូវការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹកក្នុងតំបន់អាស៊ី ឱ្យមានចីរភាព ស្របទៅនឹងការប្រែប្រួល អាកាសធាតុ។ ការយល់ដឹងអំពីវិធីសាស្រ្តប្រើប្រាស់គ្រប់គ្រងទឹក និងវិនិយោគលើធនធានទឹក អាចផ្តល់អោយយើងនូវបច្ច័យល្អ សម្រាប់ ការរស់របស់សង្គម ក៏ដូចជាការកសាងទីក្រុងឆ្លាតវៃស្របតាមបច្ចេកវិទ្យាថ្មីៗ។
ក្រោយជំនួបសម្តែងការគួរសម ប្រតិភូសភាក្រុមប្រឹក្សាទឹកនៃសភាអាស៊ីក៏បន្តប្រជុំការងារ ដើម្បីពិភាក្សាអំពីការគ្រោងរៀបចំក្រុមប្រឹក្សា- ភិបាលនៅកម្ពុជាជាមួយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងការរៀបចំផែនការសកម្មភាព ដើម្បីសហប្រតិ- បត្តិការក្នុងកម្រិតពហុភាគី តំបន់ និងទ្វេភាគី។ សម្រាប់គម្រោងនាពេលអនាគត AAWC និង AWC នឹងពិនិត្យលទ្ធភាពដាក់លេខាធិការ- រដ្ឋាននៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអនុវត្តគោលនយោបាយ និងផែនការសកម្មភាពសំខាន់ៗសម្រាប់ការទូតសភា អំពីការអនុវត្ត នូវទស្សនទាន ភាពប្រទាក់ក្រលាគ្នា រវាងថាមពល ទឹក និងការរៀបចំធានានូវសន្តិសុខស្បៀង។ ភាគីទាំងពីរនឹងបន្តសហការណ៍គ្នា ដើម្បី ភាពជោគជ័យនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទឹកនៃសភាអាស៊ីនាឆ្នាំក្រោយ។
ថ្លែងក្នុងឱកាសនៃជំនួបនេះ លោកសាស្រ្តាចារ្យបណ្ឌិត Yongdeok Cho បានថ្លែងអំណរគុណជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលបានចំណាយពេលវេលាដ៏មមាញឹកជួបប្រតិភូក្រុមប្រឹក្សាទឹកអាស៊ីនាពេលនេះ។ លោកសាស្រ្តាចារ្យបណ្ឌិតបានរំលឹក អំពីដំណើរទស្សនកិច្ចរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទៅសាធារណរដ្ឋកូរ៉េ កាលពីខែមេសា ឆ្នាំ២០២២នេះ ដោយទទួលបានលទ្ធផលដ៏ត្រចះត្រចង់។ នាដំណើរទស្សនកិច្ចនាពេលនោះ ឯកឧត្តម Byun Jaeill ប្រធានក្រុមមិត្តភាពកូរ៉េ-កម្ពុជា និងជាប្រធានក្រុមប្រឹក្សាទឹកនៃសភាអាស៊ី (AAWC) បានថ្លែងអំណរគុណចំពោះសភាកម្ពុជាដែលបានចាត់តាំង ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទឹកនៃសភាអាស៊ីលើកទី៤នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១៥-១៦ ខែមីនា ឆ្នាំ២០២២ និងបានសម្តែងនូវការរីករាយដែលកម្ពុជាបានឯកភាពរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាទឹកនៃសភាអាស៊ីលើកទី៥ នាឆ្នាំ២០២៣ ខាងមុខ។
គូសបញ្ជាក់ដែរថា កិច្ចប្រជុំលើកទី៤ របស់ AAWC ក៏បានអនុម័តលើគម្រោងមួយ ក្រោមកម្មវិធីសុខុមាលភាពទឹកស្អាត AAWC នៅស្រុក គងពិសី ខេត្តកំពង់ស្ពឺ។ គម្រោងនេះមានថវិកាចំនួន 998 លានវ៉ុនកូរ៉េ (ប្រហែល 748,945 ដុល្លារអាមេរិក) ក្នុងគោលបំណងបង្កើត ផែនការមេសម្រាប់សន្តិសុខទឹកក្នុងស្រុកគងពិសី ដោយមានក្រសួងឧតុនិយម និងធនធានទឹក ជាភ្នាក់ងារអនុវត្តគម្រោង៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន