តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ លោកជំទាវ និន សាផុន លោកជំទាវ នូ សុវណ្ណនី ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ និងឯកឧត្តម អ៊ុត សុខ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារីប្រគេនព្រះអង្គគ្រូចៅអធិការ គ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង វត្តកោះអណ្តែត និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងភូមិប្រឡាយមាស ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។
ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសមិទ្ធផល និងមានការនិមន្តចូលរួមពីសម្តេចព្រះពុទ្ធជ័យមុន្នីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូមេគណខេត្តតាកែវ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណ ២,១៤០អង្គ/នាក់។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានមានប្រសាសន៍ថា សមិទ្ធផលដែលត្រូវសម្ពោធនាពេលនេះ ពិតជាឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងពូនជ្រំ និងលើកកម្ពស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ពីសំណាក់ព្រះគ្រូចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
ជាមួយគ្នានេះ ឯកឧត្តមបានបន្ថែមថា កម្ពុជាយើងបានរងនូវការឈ្លានពានពីប្រទេសថៃដែលស្រេកឃ្លានសង្គ្រាម។ ឆ្លើយតបនឹងការឈ្លានពាននេះ រាជរដ្ឋាភិបាល វីរៈកងទ័ព និងប្រជាជនយើងបានស្រាក់ដៃគ្នាការពារជាតិយ៉ាងរឹងមាំ តាមតួនាទីនិងភារកិច្ចការរបស់ខ្លួន។ រដ្ឋាភិបាលបានខិតខំបំពេញការងារតាមយន្តការការទូត កងទ័ពខិតខំប្រយុទ្ធនិងការពារទឹកដីស្របតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុតពីរាជរដ្ឋាភិបាល បងប្អូនប្រជាពលរដ្ឋយើងបានប្តេជ្ញាអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលយ៉ាងខ្ជាប់ខ្ជួន ឯព្រះសង្ឃក៏បានចូលរួមយ៉ាងសកម្មផងដែរ។
លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីរាជការគ្រប់លំដាក់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ នៃស្រុកកោះអណ្តែត ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យស្របតាមតម្រូវការ ព្រមទាំងថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន៕









