លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) នៃរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមសន្និសីទសភាអន្តរជាតិ រៀបចំដោយការិយាល័យឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកប្រឆាំងភេរវកម្ម (UNOCT) នៅទីក្រុងអ៊ីស្តង់ប៊ុល នៃសាធារណរដ្ឋតួកគីយេ ចាប់ពីថ្ងៃទី៧-៨ ខែតុលា ឆ្នាំ២០២៥ ដែលមានការចូលរួមពីសមាជិកសភាតាមតំបន់អាស៊ី អាស៊ាន អារ៉ាប់ អឺរ៉ុប អាហ្វ្រិក អាមេរិក និងអូសេអានី ព្រមទាំងតំណាងអង្គការសង្គមស៊ីវិល សាស្ត្រាចារ្យនិងអ្នកជំនាញការមួយចំនួន។
សន្និសីទនេះ មានគោលបំណងសំខាន់ក្នុងការបង្កើនតួនាទីសភា ក្នុងការអភិវឌ្ឍច្បាប់ ផ្លាស់ប្តូរបទពិសោធន៍ និងគោលនយោបាយទប់ស្កាត់ភេរវកម្ម លើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ជំរុញការគោរពសិទ្ធិមនុស្ស និងការឆ្លើយតបដែលគោរពស្តង់ដារអន្តរជាតិ។
ក្នុងនាមរដ្ឋសភាកម្ពុជា លោកជំទាវ អ៊ុន សុគន្ធា បានធ្វើបទអន្តាគមន៍ និងចែករំលែកពីក្របខណ្ឌគតិយុត្តដែលកម្ពុជាបានតម្កល់អាទិភាពខ្ពស់បំផុតចំពោះការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម អំពើហិង្សាជ្រុលនិយម ឧក្រិដ្ឋកម្មអន្តរជាតិ។ ក្រោមចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានបង្កើតយន្តការជាច្រើន ដើម្បីប្រឆាំងនឹងអំពើភេរវកម្ម ក្នុងកម្រិត គណៈកម្មាធិការជាតិ ដែលស្ថិតក្រោមការដឹកនាំដ៏ខ្ពងខ្ពស់ដោយផ្ទាល់របស់សម្តេចនាយករដ្ឋមន្ត្រី រួមទាំងយន្តការ វិធានការ កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាលប្រទេសក្នុងតំបន់ និងពិភពលោក ដែលនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា។ កម្ពុជារក្សាបាននូវសន្តិសុខ សុវត្ថិភាព ស្ថិរភាពសង្គម សភាពការណ៍ល្អប្រសើរ ពុំមានការកើតឡើងនូវអំពើភេរវកម្មឡើយ។
លោកជំទាវបាន គូសបញ្ជាក់ថា រដ្ឋសភាមានតួនាទីធ្វើច្បាប់ អនុម័ត ពិនិត្យតាមដានការអនុវត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម អំពើហិង្សាជ្រុលនិយម ដើម្បីការពារសន្តិសុខជាតិ សន្តិភាព ស្ថិរភាព។ សភាកម្ពុជាបានអនុម័តច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ...។ល។ កម្ពុជាកំពុងដំណើរការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីឆ្លើយតបនឹងស្ថានការណ៍សង្គមបច្ចុប្បន្នផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ បានជម្រាបជូនអង្គសន្និសីទ ស្តីពីជម្លោះព្រំដែនរវាងកម្ពុជានិងប្រទេសជិតខាងមួយ។ កម្ពុជាជាប្រទេសតូច តែបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដោយបង្ហាញសុឆន្ទៈ និងតម្លាភាពពេញលេញក្នុងការអនុវត្តនេះ រក្សាភាពអត់ធ្មត់ខ្ពស់ជាទីបំផុតចំពោះមុខការបង្ករឿង និងការរំលោភបំពានម្តងហើយម្តងទៀតពីសំណាក់ប្រទេសនោះ។
ក្នុងនាមជាម្តាយ ជាប្រពន្ធរបស់កងទ័ពកម្ពុជាចំនួន ១៨នាក់ ដែលត្រូវបានចាប់ឃុំខ្លួន ដោយប្រទេសជិតខាងមួយ នាពេលព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥កន្លងទៅ បន្ទាប់ពីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់បានចូលជាធរមាន។ លោកជំទាវ បាននាំនូវសំណូមពរ តាមរយៈឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UN OHCHR) ដើម្បីជួយជំរុញឱ្យមានការដោះលែងជាបន្ទាន់នូវកងទ័ពកម្ពុជាចំនួន ១៨នាក់ ត្រលប់ទៅជួបក្រុមគ្រួសារនិងកូនៗ ដែលកំពុងទន្ទឹងរងចាំផ្លូវប្តី និងឪពុករបស់ពួកគាត់៕














