ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃរដ្ឋសភា បាន អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភាដើម្បីពិនិត្យពិភាក្សាលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
កិច្ចប្រជុំនេះធ្វើឡើងនៅវិមានរដ្ឋសភានាព្រឹកថ្ងៃ ទី៤ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអញ្ជើញ ចូល រួម ពីឯកឧត្តមអនុប្រធាន សមាជិក ក្រុមប្រឹក្សា អ្នកច្បាប់ និងមន្ត្រីជំនួយការផងដែរ។
គួរជម្រាបថា ខ្លឹមសារសំខាន់នៃសេចក្តី ស្នើច្បាប់ នេះ បានផ្លាស់ប្តូរចំណុចដែលទាក់ទង ទៅនឹង មណ្ឌលបោះឆ្នោត ដែលបានបញ្ញត្តិនៅក្នុងមាត្រា៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលកន្លងមកនៅក្នុងខ្លឹមសារនៃមាត្រា៩ នោះ គឺបានរៀបចំនិងបែងចែកមណ្ឌល បោះឆ្នោត ជា៨ភូមិភាគ ដោយភូមិភាគខ្លះ មានរាជធានី ឬ ខេត្តមួយរីឯភូមិភាគខ្លះទៀតយកខេត្តច្រើន បញ្ចូល គ្នា ហើយការកំណត់ចំនួនអាសនៈ ក៏បានកំណត់ ទៅតាមភូមិភាគនីមួយៗនោះដែរ។
ដោយឡែក នៅក្នុងសេចក្តីស្នើច្បាប់ស្តីពី វិសោធន កម្មច្បាប់ថ្មីនេះគឺបានធ្វើការកែសម្រួលដោយ យក រាជធានី ខេត្តជាមណ្ឌលបោះឆ្នោតវិញ ហើយការ បែង ចែកអាសនៈក៏បែងចែក តាមមណ្ឌល បោះ ឆ្នោត រាជធានី ខេត្តដែរ។ហេតុនេះបទប្បញ្ញត្តិមួយ ចំនួននៃច្បាប់ស្តីពី “ការបោះឆ្នោតជ្រើស តាំង សមាជិកព្រឹទ្ធសភា ចាំបាច់ត្រូវធ្វើវិសោធនកម្ម។
សេចក្តីស្នើច្បាប់ស្តីពី “វិសោធនកម្មច្បាប់ស្តីពីការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា” នេះ រួម មាន២មាត្រាដែលមាត្រាមួយ៖ ចែងពីបទប្បញ្ញត្តិ នៃមាត្រាណាខ្លះនៃច្បាប់ស្តីពី”ការបោះឆ្នោតជ្រើសតាំងសមា ជិក ព្រឹទ្ធសភា” ដែលត្រូវធ្វើវិសោធនកម្ម និងមាត្រាពីរ ៖ ចែងពីការអនុវត្តច្បាប់៕












