Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សិក្ខាសាលាសភាស្ដីពី ការកសាងក្របខ័ណ្ឌគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥
សិក្ខាសាលាសភាស្ដីពី ការកសាងក្របខ័ណ្ឌគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥
Prepaired By: NA002 ​ Date: (11/5/2024 11:56:25 PM )

ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី  ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងអង្គសិក្ខាសាលាសភា ស្ដីពីការស្វែងយល់ពី “ការកសាងក្របខ័ណ្ឌ គោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៥” ដែលបានរៀបចំឡើង នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភា បានថ្លែងចំណាប់អារម្មណ៍គន្លឹះជូនអង្គសិក្ខាសាលាថា ក្នុងតួនាទីជាអ្នកតាមដាន និងជំរុញការអនុវត្តច្បាប់ សភាសូមចូលរួមគាំទ្រ និងលើកទឹក ចិត្តចំពោះការដាក់ទិសដៅយុទ្ធសាស្ត្រ និងគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងគោលបំណង ពង្រឹងការកសាងភាពធន់នៃសេដ្ឋកិច្ចនិងសង្គមឱ្យកាន់តែមានភាពរឹងមាំនិងមានភាពឆ្លើយតបខ្ពស់ ដែលផ្តោតលើអាទិភាព ចំនួន៦ ដូចដែលមានចែងក្នុង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។

ឯកឧត្តម បានមានប្រសាសន៍ទៀតថា សភាបានយកចិត្តទុកដាក់ និងតាមដាននូវវឌ្ឍនភាពនៃការអនុវត្តការកែទម្រង់ដ៏មុតស្រួចជាប់ជាប្រចាំ ហើយបាន មើលឃើញ និងទទួលស្គាល់នូវការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការប្រឹងប្រែងធ្វើការងារកែទម្រង់នេះ ដែលទទួលបានលទ្ធផល និងវឌ្ឍនភាពគួរជាទីពេញចិត្ត។

ឯកឧត្តម ក៏បានលើកឡើងពីសមិទ្ធផល ដ៏មានគុណតម្លៃមិនអាចកាត់ថ្លៃបាន ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកជូនប្រជាជនកម្ពុជា បានរស់ក្រោមម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍគ្រប់វិស័យ។

ចំណែកនៅក្នុងចំណាប់អារម្មណ៍របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ បានលើកឡើងថា អង្គសិក្ខាសាលា នាពេលនេះ ជាវេទិកាដ៏ពិសេសមួយ ក្នុងការបន្តលើកកម្ពស់នូវវប្បធម៌នៃកិច្ចសន្ទនា រវាងស្ថាប័ននីតិប្បញ្ញត្តិ និង ស្ថាប័ននីតិប្រតិបត្តិ សម្រាប់ការឈ្វេងយល់លម្អិត និងស៊ីជម្រៅ ទាំងទិដ្ឋភាពនយោបាយ និងទិដ្ឋភាពបច្ចេកទេស អំពីការគិតគូរ និងការរៀបចំក្របខណ្ឌ គោលិនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងក្របខណ្ឌរួមនៃការរៀបចំថវិកាឆ្នាំ ២០២៥។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ឆ្នាំ ២០២៥ ត្រូវបានរៀបចំឡើង ដោយឈរលើ មូលដ្ឋាន នៃការគិតគូរថា សេដ្ឋកិច្ចកម្ពុជានឹងបន្តដំណើរលើមាគ៌ាកំណើន ដោយត្រឡប់ជាបណ្តើរៗ ទៅកាន់ គន្លងនៃកំណើនសក្តានុពល ក្នុងខណៈដែលស្ថានភាព នយោបាយ សេដ្ឋកិច្ច និងសង្គម ត្រូវបានរំពឹងទុកថា នឹងកាន់តែមានភាពប្រសើរជាងមុន។

ទន្ទឹមនឹងនេះ  ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ក៏បានលើកឡើងពីហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ពីកត្តាខាងក្រៅ ចម្បងៗ ដូចជាបញ្ហាភូមិសាស្ត្រ នយោបាយ ការបន្តអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន សង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា និងផលវិបាក ពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ។ល។  ដែលកម្ពុជា ចាំបាច់ត្រូវតែខិតខំពង្រីក និងបន្តពង្រឹងមូលដ្ឋានខាងក្នុង ក៏ដូចជា បន្តកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច ដើម្បីអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតបនឹងហានិភ័យដែលអាចកើតឡើងជាយថាហេតុ ។

ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានមានប្រសាសន៍ថា តាងនាមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តម សូមស្វាគមន៍ យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុង សិក្ខាសាលាសភាដើម្បីស្វែងយល់ពី “ការកសាងក្របខ័ណ្ឌគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុ សាធារណៈ ក្នុងការរៀបចំ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥”នាពេលនេះ។  

ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត បានថ្លែងកោតសរសើរ អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែងក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ពោរពេញដោយសមត្ថភាព ដ៏ខ្ពង់ខ្ពស់ និងទេពកោសល្យដ៏ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងទទួលបានលទ្ធផលល្អប្រសើរជាទីមោទនៈ។  ក្នុងរយៈពេលជាង១ឆ្នាំនេះ រាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលជាច្រើន ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងសបញ្ជាក់ថា រាជរដ្ឋាភិបាលដើរលើគន្លងដ៏វិជ្ជមាន និងត្រឹមត្រូវ ដែលទទួលបាននូវសមិទ្ធផលធំៗ ជាច្រើន។

ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិតអនុប្រធានទី១ រដ្ឋសភា បានថ្លែងគាំទ្រទាំងស្រុង លើការវិភាគយ៉ាងលំអិត និងគ្រប់ជ្រុងជ្រោយប្រកបដោយវិជ្ជាជីវៈខ្ពស់ របស់ស្ថាប័នជំនាញ ទៅលើស្ថានភាពនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មទាំងក្នុងប្រទេស និងសកល ហើយបានដាក់ចេញនូវគោលនយោ បាយហិរញ្ញវត្ថុសាធារណៈ និងវិធានការចាំបាច់ក្នុងការលើកកម្ពស់ការកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច ក៏ដូចជាពង្រឹង និងពង្រីកសសរស្តមសេដ្ឋកិច្ចជាតិ ឱ្យមានភាពចម្រុះ ភាពរឹងមាំ និងភាពធន់តទៅអនាគត។

ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ជាម យៀប មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា នឹងចូលរួមនៅក្នុងការពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុសផុល ក្នុងអង្គសិក្ខាសាលានាឱកាសនេះ  ដើម្បីជាធាតុចូលសម្រាប់ប្រើប្រាស់ និងជាមូលដ្ឋានគ្រឹះក្នុងការឈានទៅពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ខាងមុខឆាប់ៗនេះ។

សូមជម្រាបថា អង្គសិក្ខាសាលានេះ ផ្តួចផ្តើមគំនិតដោយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា អាជ្ញាធរសវកម្មជាតិ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអង្គការសង្គមស៊ីវិល មួយចំនួន៕