នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ អគ្គនាយកនីតិកម្ម និងស្រាវជ្រាវ ធ្វើការប្រជុំបូកសរុបការងារឆ្នាំ២០២៤ និងទិសដៅផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភា និងឯកឧត្តម កៃ កេតនិន អគ្គនាយកនីតិកម្ម និងស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។
ឯកឧត្តម កៃ កេតនិន អគ្គនាយកនីតិកម្ម និងស្រាវជ្រាវ បានមានប្រសាសន៍ថា អគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជា្រវ មានតួនាទី និងភារកិច្ចផ្តល់សេវាសំខាន់ៗដូចជា៖
- ការងារនីតិកម្ម នីតិវិធី និងដំណើរការនៃកិច្ចប្រជុំនានារបស់រដ្ឋសភា។
- ការសិក្សាស្រាវជ្រាវ វិភាគ ផ្តល់យោបល់ កសាងឯកសារស្រាវជ្រាវ ឯកសារជំនួយស្មារតី និងឯកសារឯកទេស។
- ការប្រមូលចងក្រងថែរក្សាតំកល់ និងបោះពុម្ពឯកសារ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិសម្រាប់ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា គណៈកម្មការនានានៃរដ្ឋសភា តំណាងរាស្ត្រ សមាជិករដ្ឋសភា និងព្រឹទ្ធសភា និងអគ្គលេខាដ្ឋានរដ្ឋសភា។ ឯកឧត្តម បានបន្តថា អគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ បានសិក្សាស្រាវជ្រាវរៀបចំឯកសារជំនួយស្មារតីពាក់ព័ន្ធនឹងវិស័យសំខាន់ៗរួមមាន៖
ក-គណ:កម្មការនានា អញ្ជើញមកជួបប្រជុំចំនួន៣៩លើក
ខ-គណ:កម្មការនានាប្រជុំផ្ទៃក្នុងចំនួន៥៤លើក
គ-គណ:កម្មការនានា ចុះបំពេញបេសកកម្មនៅតាមរាជធានីខេត្តចំនួន២១លើក។ ឯកឧត្តម បានបន្ថែមថា ទោះបីជាអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ សម្រេចបានលទ្ធផលសំខាន់ៗគួរជាទីមោន: ក៏នៅមានជួបបញ្ហាប្រឈមមួយចំនួនដូចជា កម្រិតវប្បធម៌ជំនាញចំណេះដឹងផ្នែកបច្ចេកវិទ្យា និងបទពិសោធន៍ការងាររបស់មន្រ្តីមួយចំនួន មិនទាន់ឆ្លើយតបទៅនឹងតួនាទីរបស់អង្គភាព ដែលបណ្តាលឱ្យការងារមួយចំនួនមានភាពយឺតយ៉ាវ។
សម្ភារៈការិយាល័យ និងគ្រឿងបរិក្ខារបច្ចេកវិទ្យាមួយចំនួនមានសភាពចាស់ទ្រុឌទ្រោម ។
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភា បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គនាយកនីតិកម្ម និងស្រាវជ្រាវ និងលោក លោកស្រីជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធាន ការិយាល័យ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចដោយមានការទទួលខុសត្រូវខ្ពស់ជូនស្ថាប័នរដ្ឋសភា។ ទន្ទឹមនឹងនោះឯកឧត្តម បានស្នើឱ្យអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ បន្តយកចិត្តទុកដាក់បំពេញភារកិច្ច ជូនស្ថាប័នរដ្ឋសភាឱ្យបានល្អបន្ថែមទៀត ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឱ្យទៅជានិតិរដ្ឋ ។ រាល់សំណូមពរទាំងឡាយរបស់អគ្គនាយនីតិកម្ម និងស្រាវជ្រាវ ឯកឧត្តមបណ្ឌិត និងរាយការណ៍ទៅថ្នាក់ដឹកនាំដើម្បីដោះស្រាយជូន តាមដែលអាចធ្វើទៅបាន៕