Home » គណៈកម្មការទី៨ » សកម្មភាព » គណ:កម្មការជំនាញរដ្ឋសភាទទួលបន្ទុកវិស័យសុខាភិបាលចុះពិនិត្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ក្នុងខណ្ឌច្បារអំពៅ
គណ:កម្មការជំនាញរដ្ឋសភាទទួលបន្ទុកវិស័យសុខាភិបាលចុះពិនិត្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ក្នុងខណ្ឌច្បារអំពៅ
Prepaired By: NA1472 ​ Date: (3/7/2019 1:17:50 AM )

គណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ: និងកិច្ចការនារី នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការ បានចុះពិនិត្យដោយផ្ទាល់នៅមណ្ឌលសុខភាព នៅក្នុងសង្កាត់ព្រែកថ្មី សង្កាត់ក្បាលកោះ សង្កាត់ព្រែកឯង សង្កាត់និរោធ សង្កាត់ច្បារអំពៅ និងមន្ទីរពេទ្យបង្អែកមានជ័យ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីពិនិត្យមើលការផ្តល់សេវាសុខាភិបាលដល់ ប្រជាពលរដ្ឋពិសេសពលរដ្ឋក្រីក្រ។

បេសកកម្មរបស់គណៈកម្មការជំនាញរដ្ឋសភានេះ ធ្វើឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។ លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថា ការចុះមកសិក្សាស្វែងយល់ពីសេវាសុខាភិបាលនេះ គឺដើម្បីបំពេញតួនាទីជាតំណាងរាស្រ្ត ដែលមានភារកិច្ច ស្វែងយល់ពីតម្រូវការរបស់ពលរដ្ឋ ក៏ដូចជាតម្រូវការ និងបញ្ហាប្រឈមរបស់អ្នកអនុវត្តច្បាប់ អ្នកផ្តល់សេវាដល់ពលរដ្ឋ ដើម្បីធ្វើយ៉ាងណា អោយពលរដ្ឋទទួលបានសេវានានាពីរដ្ឋកាន់តែ ងាយស្រួល និងមានប្រសិទ្ធភាព។

លោកជំទាវបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាខ្លាំងពីសុខុមាលភាពពលរដ្ឋ ពោលចាប់ពីខែមិថុនា ឆ្នាំ២០១៩នេះ ការផ្តល់សេវា សុខាភិបាលតាម មណ្ឌលសុខភាពជូនប្រជាពលរដ្ឋ នឹងផ្តើមអនុវត្តគោលនយោបាយឧបត្ថម្ភថវិកាជូនប្រជាពលរដ្ឋក្រីក្រជាស្រ្តី ដែលមានប័ណ្ណសមធម៌ ប័ណ្ណក្រីក្រ នៅពេលដែលមកពិនិត្យផ្ទៃពោះ និងទទួលបានថវិកា៤០០០០រៀល និងការយកកូនមកចាក់វ៉ាក់សាំងផ្សេងៗ នៅអាយុក្រោម២ឆ្នាំចុះ ទទួលបានថវិកា៤០០០០រៀលដែរពីមណ្ឌលសុខភាព។

បន្ទាប់ពីបានពិនិត្យដោយផ្ទាល់ និងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងមន្រ្តីពាក់ព័ន្ធរួចមក លោកជំទាវ ឡោក ខេង និងសហការី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់មន្រ្តីសុខាភិបាល និងលោកគ្រូអ្នកគ្រូពេទ្យទាំងអស់៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន