សម្តេចរដ្ឋសភាធិបតីឃួន សុដារី ៖ វត្តមានគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានិងរដ្ឋាភិបាលឡាវក្នុងវេទិកា IPTP-11 និង ICAPP-12 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បង្ហាញពីការគាំទ្រគ្នាទៅវិញទៅមក ... __ វីដេអូព័ត៌មាន៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា អញ្ជើញដឹកនាំសម័យប្រជុំពេញអង្គលើកទី១ នៃសម័យប្រជុំពេញអង្គ IPTP លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ __ ផ្សាយផ្ទាល់ ៖ ពិធីបិទសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP11) ថ្ងៃចន្ទ ១០រោច​ ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ __ ពិធីបើកជាផ្លូវការសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាមួយការចែករំលែកបទពិសោធពិសេស និងកម្រ ពីការស្វែងរកសន្តិភាព ការផ្សះផ្សាជាតិ និងការអភិវឌ្ឍនៅកម្ពុជាដោយ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ __ លទ្ធផលនៃកិច្ចប្រជុំគណៈប្រចាំការ IPTP ដើម្បីរៀបចំ របៀបវារៈការងារ សម្រាប់ដំណើរការ សម័យប្រជុំ ពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព __ សារលិខិតអបអរសាទរ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​ __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ផ្ញើសារលិខិតអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សតនៃព្រះរាជាណាចក្រកម្ពុជា ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតីឃួន សុដារី ៖ វត្តមានគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានិងរដ្ឋាភិបាលឡាវក្នុងវេទិកា IPTP-11 និង ICAPP-12 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បង្ហាញពីការគាំទ្រគ្នាទៅវិញទៅមក ...
សម្តេចរដ្ឋសភាធិបតីឃួន សុដារី ៖ វត្តមានគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានិងរដ្ឋាភិបាលឡាវក្នុងវេទិកា IPTP-11 និង ICAPP-12 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បង្ហាញពីការគាំទ្រគ្នាទៅវិញទៅមក ...
Prepaired By: NA002 ​ Date: (11/24/2024 9:06:11 PM )

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព(IPTP 11) នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារក្នុងពេលទទួលទានអាហារពេលព្រឹក ជាមិត្តភាពក្រៅផ្លូវការ ជាមួយ ឯកឧត្តម ខាំបៃ ដំាឡាត់ (Khambay Damlath) អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ ចូលរួមកិច្ចប្រជុំពេញអង្គលើកទី១១ (IPTP-11) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា វត្តមានរបស់ ឯកឧត្ដម ខាំបៃ ដំាឡាត់ ក៏ដូចជាវត្តមានរបស់លោកជំទាវ ផានី យ៉ាថរទូ (Pany Yathotou) អនុប្រធានាធិបតីឡាវ ក្នុងមហាសន្និបាត ICAPP លើកទី ១២ ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញនូវស្មារតីមិត្តភាព សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្ដរជាតិ ដែលបានលើកមុខមាត់ និងកិត្យានុភាពរបស់កម្ពុជាក្នុងឆាកអន្ដរជាតិ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ជាបន្តបន្ទាប់មកនេះបានបញ្ជាក់ពីទំនាក់ទំនងជាប្រពៃណី ជាបងប្អូនភូមិផងរបងជាប់គ្នាតំាងពីយូរលង់ណាស់មកហើយ និង កិច្ចសហប្រតិបត្ដិការគ្រប់ជ្រុងជ្រោយ ដ៏រឹងមាំ និងយូរអង្វែង រវាងប្រទេសទំាងពីរ បាននាំមកនូវផលប្រយោជន៍រួម សម្រាប់ប្រទេសនិងប្រជាជនទាំងសងខាង។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាឡាវ ដែលបានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសភាកម្ពុជា ប្រកបដោយភាពកក់ក្ដៅ និងស្និទ្ធស្នាលជាទីបំផុត នៅពេលរដ្ឋសភាប្រទេសឡាវរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៥ កាលពីខែកន្លងមក នៅក្នុងនោះមានការរៀបចំការទទួលទានអាហារពេលព្រឹក ពិភាក្សាការងារក្រៅផ្លូវការ និងជាមិត្តភាព រវាងសម្តេចនិង ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ត្រិន ថាញ់ មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សម្តេចប្រធានរដ្ឋសភា បានអបអរសាទរ ពីជោគជ័យដ៏ធំធេងដែលប្រទេសឡាវក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងមហាសន្និបាតអាយប៉ាលើកទី៤៥ ទទួលបានផ្លែផ្កា គួរជាទីមោទនៈ នៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងវប្បធម៌សន្ទនាដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងតបន់និងសកលលោក។ 

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានអបអរសារទរពីការរីកចម្រើនរបស់ប្រទេសឡាវពិសេសការកសាងផ្លូវគមនាគមន៍រថភ្លើងល្បឿនលឿន ដែលប្រកបដោយសក្តានុពលដល់ការីកចម្រើនខាងសេដ្ឋកិច្ចនោះធ្វើឱ្យមិត្តឡាវប្រែក្លាយពីប្រទេសដែលមិនមានការតភ្ជាប់ ទៅជាប្រទេសមានការតភ្ជាប់ (A Landlocked to a Land-linked country)។ 

ឯកឧត្តម ខាំបៃ ដំាឡាត់ បានអរគុណជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភាដែលឆ្លៀតពេលមមាញឹកក្នុងការរៀបចំសម័យប្រជុំ IPTP មកទទួលទានអាហារពេលព្រឹកក្រៅផ្លូវជាមួយឯកឧត្តម ដែលនេះបានបង្ហាញពី ការបន្តថែរក្សាចំណងមិត្តភាពជាប្រពៃណី ការជួបប្រាស័្រយទាក់ទងគ្នារវាងថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ។ ឯកឧត្តម បានអបអរសាទរ ចំពោះជោគជ័យរបស់សភាកម្ពុជា នៅក្នុងការរៀបចំសម័យប្រជុំពេញអង្គលើកទី១១ ប្រកបដោយអត្ថបន័យបំផុតសម្រាប់មនុស្សជាតិ គឺសន្តិភាព។ 
ជាមួយគ្នានេះ ឯកឧត្តមអនុប្រធានរដ្ឋសភាឡាវ បានអរគុណចំពោះរដ្ឋសភាកម្ពុជា ពិសេសសម្តេចប្រធានរដ្ឋសភា ដែលបានផ្តល់អាហារូបករណ៍ចំនួន៥កន្លែងជូនមន្រ្តីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ បានមកសិក្សានៅកម្ពុជា ក្នុងកម្រិតក្រោយឧត្តមសិក្សា។  

សម្តេចរដ្ឋសភាធិបតី និង ឯកឧត្តម ខាំបៃ ដំាឡាត់ បានសន្យាថានឹងខិតខំអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរ ដែលបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដោយយកពលរដ្ឋជាស្នូល។ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរក៏បានសន្យាថានឹងខិតខំជំរុញលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន ការធ្វើពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ និងទេសចរណ៍រវាងប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើន រឹងមាំឡើងបន្ថែមទៀត ព្រមទំាងការពង្រឹងការតភ្ជាប់គមនាគមន៍រវាងប្រទេសទំាងពីរជាមួយប្រទេសចិន គឺកម្ពុជា ឡាវនិងចិន តែម្តង។ 

ជាថ្មីម្តងទៀត សម្តេចប្រធានរដ្ឋសភាបានអរគុណ ចំពោះការចូលរួមវិភាគនិងការចែករំលែកបទពិសោធន៍ល្អៗរបស់    ឯកឧត្តមអនុប្រធានរដ្ឋសភានិងសហការី នៅក្នុងកិច្ចប្រជុំពេញអង្គ IPTP ជាចំណែកសំខាន់ធ្វើឱ្យសម័យប្រជុំ IPTP សម្រេចចេញនូវឯកសារសំខាន់ៗចំនួនពីរ គឺ ១) សេចក្ដីប្រកាសទីក្រុងភ្នំពេញ និង ២) ធម្មនុញ្ញសន្ដិភាពសកល (Universal Peace Charter) ។

សម្តេចរដ្ឋសភាធិបតីបានបញ្ជាក់ថា ធម្មនុញ្ញសន្តិភាពសកល ជាគំនិតផ្ដួចផ្ដើមរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភានាពេលនេះ។ ធម្មនុញ្ញសន្ដិភាពនេះ គឺជាឯកសារសាធារណៈ មួយដ៏សំខាន់ និងចាំបាច់ នាពេលបច្ចុប្បន្នក្នុងស្ថានភាពពិភលោក ដែលមានការប្រែប្រួល ស្មុគស្មាញ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់  ជម្លោះ និងកសាងសុខសន្ដិភាព ស្ថិរភាព និងវិបុលភាពមនុស្សជាតិនៅលើពិភពលោក៕