នៅសាលប្រជុំចំប៉ី នៃសណ្ឋាគារសុខា រាជធានីភ្នំពេញ គណៈប្រចាំការ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព ហៅកាត់ថា IPTP11 នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំដើម្បីរៀបចំរបៀបវារៈការងារសម្រាប់ដំណើរការសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ក្រោមការដឹកនាំរបស់ឯកឧត្ដម Ahmed Bin Mohamed Aljarwan ប្រធានអង្គការក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និងសន្តិភាព ( GCTP) រួមជាមួយឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងជាប្រធានសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព និងលោកជំទាវ Margarita Restrepo ប្រធានមហាសន្និបាតនៃអង្គការក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និងសន្តិភាព GCTP។
កិច្ចប្រជុំបានចាប់ផ្តើមដោយ ឯកឧត្តម H.E. Ahmed bin Mohammed Al Jarwan ធ្វើការឆ្លុះបញ្ចាំងអំពីលទ្ធផល និងមេរៀនដ៏សំខាន់ដែលទទួលបានមកពីកិច្ចប្រជុំ CDI-IDC ដែលបានរៀបចំធ្វើឡើងនៅក្នុងខេត្តសៀមរាប និងមហាសន្និបាតគណបក្សនយោបាយអាស៊ី ហៅកាត់ថា ICAPP ដែលបានប្រារព្ធធ្វើនៅទីក្រុងភ្នំពេញកាលពីពេលថ្មីៗនេះ។
ឯកឧត្ដម Al jarwan បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់នៃធម្មនុញ្ញសន្តិភាពសកល ជាមួយនឹងការថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ ដែលបានគាំទ្រចំពោះធម្មនុញ្ញសន្តិភាពនេះ។ ឯកឧត្ដម បានថ្លែងពីភាពចាំបាច់ និងបន្ទាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាសន្តិភាព និងស្ថិរភាពនៅទូទាំងពិភពលោក។
ឯកឧត្ដម សួស យ៉ារ៉ា បានមានប្រសាសន៍ចែករំលែកនូវទស្សនៈវិស័យ អំពីសាមគ្គីភាពតាមរយៈភាពចម្រុះ ការគាំទ្រសម្រាប់ទស្សននៃសាមគ្គីភាព ដើម្បីផ្លាស់ប្តូរពីភាពខុសគ្នាទៅជាភាសារួមមួយគឺសន្តិភាព និងការអត់ឱន។ ឯកឧត្ដមបានចាប់អារម្មណ៍ជាចម្បងលើភាសាសាមញ្ញមួយ ដ៏មានកិត្យានុភាព សម្រាប់គ្រួសារ IPTP នេះ គឺពាក្យថាសន្តិភាព ដែលតាមរយៈភាសានេះ គឺវាមានយន្តការ និងទម្រង់រូបនៃសន្តិភាព និងការអត់ឱន។ ជាឧទាហរណ៍ សេចក្តីថ្លែងការណ៍ខេត្តសៀមរាប តម្លៃនៃសតវត្សអាស៊ី និងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញនាពេលខាងមុខ នឹងក្លាយជាគ្រឹះមូលដ្ឋានដ៏សំខាន់សម្រាប់ការជំរុញ ដំណើរការឱ្យកាន់តែប្រសើរឡើងនៅពេលខាងមុខ។
កិច្ចប្រជុំបានពិភាក្សា អំពីរបៀបវារៈការងារសម្រាប់ដំណើរការសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព សម្រាប់ថ្ងៃបន្តបន្ទាប់ និងបានធ្វើការពិពណ៌នាអំពីរបៀបរបបដំណើរការម្រាប់សម័យប្រជុំពាក់ព័ន្ធ ក៏ដូចជាកិច្ចប្រជុំគណៈកម្មាធិការសំខាន់ៗចំនួនប្រាំ នៅក្នុងសម័យប្រជុំពេញអង្គលើកទី១១ ដែលនឹងផ្ដោតធ្វើការពិភាក្សា ទៅលើសសរស្តម្ភសំខាន់ៗចំនួនប្រាំនៃធម្មនុញ្ញសន្តិភាពសកល។
កិច្ចប្រជុំបានបញ្ចប់ជាមួយនឹងការឯកភាព យល់ស្របទៅលើរបៀបវារៈដែលបានកំណត់ ដោយគណៈប្រតិភូទាំងអស់ នៅក្នុងអង្គប្រជុំបានអបអរសាទរ នៅក្នុងការសម្រេចផ្ដល់ ពានរង្វាន់សន្តិភាព ប្រគល់ជូនសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ចំពោះការដឹកនាំដ៏ពិសេសរបស់ សម្តេចក្នុងការកសាងសន្តិភាពនៅកម្ពុជា។