សេចក្តីប្រកាសព័ត៌មាន លទ្ធផលទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាអំពីចិន របស់គណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយ ឯកឧត្តម វង សូត អនុប្រធានទី២នៃរដ្ឋសភា __ ក្រុមមិត្ដភាពរដ្ឋសភាកម្ពុជា-គុយបា ចូលរួមសន្និសីទលើកទី១០ នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសាមគ្គីភាពជាមួយគុយបា ដែលធ្វេីឡេីងនៅប្រទេសចិន __ សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិន បានព្យាបាលភ្នែកឡើងបាយ ភ្នែកដុះកន្ទុយថ្លែន និងជំងឺ គ-ថ្លង់ជូនអ្នកជំងឺជាង ៤.០០០នាក់ នៅក្នុងខេត្តកំពង់ចាម __ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធី សម្ពោធដាក់អោយប្រើប្រាស់ អគារសិក្សានិងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង __ ឯកឧត្តម វង សូត ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ធ្វើទស្សនកិច្ចសិក្សាតំបន់ទេសចរណ៍សំខាន់ៗ នៃក្រុងហ្វូចូវ ខេត្តហ្វូជាន ប្រទេសចិន ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៧ នៃរដ្ឋសភា បន្តចុះឈ្វេងយល់ពីការអនុវត្តការងារលើវិស័យទទួលខុសត្រូវរបស់ខ្លួន ជាមួយរដ្ឋបាលខេត្តបាត់ដំបង
គណៈកម្មការទី៧ នៃរដ្ឋសភា បន្តចុះឈ្វេងយល់ពីការអនុវត្តការងារលើវិស័យទទួលខុសត្រូវរបស់ខ្លួន ជាមួយរដ្ឋបាលខេត្តបាត់ដំបង
Prepaired By: NA002 ​ Date: (10/27/2024 8:12:08 PM )

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ធូ ភា អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។

កិច្ចជំនួបពិភាក្សានេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្នុងគោលបំណង ដើម្បីឈ្វេងយល់ពីស្ថានភាពទូទៅរបស់ខេត្ត និងរបាយការណ៍វឌ្ឍន ភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធនឹងវិស័យទាំង៤ រួមមាន៖ វិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍។

ថ្នាក់ដឹកនាំខេត្តបាត់ដំបង បានជម្រាបជូនអំពីវឌ្ឍនភាពការងារ និងការរីកចម្រើនរបស់ខេត្ត ក៏ដូចជាបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងវិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ ក៏ដូចជាការលើកឡើងរបស់មន្ទីរជំនាញពាក់ព័ន្ធនានា ព្រមទាំងបានសំណូមពរពីបញ្ហាប្រឈមមួយចំនួន ដល់គណ:កម្មការទី៧ នៃរដ្ឋសភា ជួយធ្វើការដោះស្រាយដោយបញ្ហាខ្លះ នៅមិនទាន់មានច្បាប់ជាគោល សម្រាប់យកមកអនុវត្តផ្អែកលើច្បាប់ឱ្យបាននៅឡើយដូចជាច្បាប់សាសនា ជាដើម។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធរួចមក ឯកឧត្តម ប៉ា សុជាតិវង្ស បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត និងមន្ទីរ ដែលខិតខំបំពេញការងារជូនប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវអភិក្រមទាំង៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល និងបានដាក់ចេញនូវ គោលនយោបាយ៦ចំណុចបន្ថែមទៀតផង។

ឯកឧត្តម ប៉ា សុជាតិវង្ស បានបន្តថា បេសកកម្មរបស់គណៈកម្មការរដ្ឋសភា នាពេលនេះគឺដើម្បីចូលរួមចំណែកនៅក្នុងការលើកកម្ពស់ ការអនុវត្តយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតសំខាន់លើកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជា។

ឯកឧត្តម ប៉ា សុជាតិវង្ស ក៏បានជំរុញឱ្យអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវខិតខំធ្វើការផ្សព្វផ្សាយលើវិស័យរបស់ខ្លួន ឱ្យប្រជាពលរដ្ឋ បានយល់ដឹងកាន់តែច្បាស់ ដើម្បីជួយឱ្យបងប្អូនប្រជាពលរដ្ឋបានយល់ពីកម្មវិធីថ្នាក់ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ។ ក្នុងនោះបើមាន ចំណុចខ្វះខាត នៅសេសសល់តិចតួចយើងនាំគ្នាធ្វើការដោះស្រាយឱ្យអស់ផងដែរ។

ឯកឧត្តម ប៉ា សុជាតិវង្ស បានលើកឡើងថា ខេត្តបាត់ដំបងជាខេត្តធំមួយមានសក្តានុពលខ្លាំង បានធ្វើការបម្រើប្រជាពលរដ្ឋបានល្អ និងស្នើឱ្យរដ្ឋបាល ខេត្តបន្តអនុវត្តការងារដ៏ល្អនេះបន្ថែមទៀត នាពេលអនាគតកាន់តែល្អប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅមានសុខភាពល្អ មានសុខសុវត្ថិភាពក្នុងការរស់នៅ ប្រកបរបរការងារផ្សេងៗ ប្រកបដោយសុខសាន្ត មានជីវភាពធូធារមានចំណូលខ្ពស់ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនាឆ្នាំ ២០៣០-២០៥០ ផងដែរ។

ឯកឧត្តមប្រធានគណៈកម្មការ បានគូសបញ្ជាក់ថា រាល់សំណូមពរ និងបញ្ហាប្រឈមនានា ដែលមន្ទីរជំនាញលើកឡើង គណៈកម្មការទី៧នៃរដ្ឋសភា នឹងធ្វើរបាយការណ៍ជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជូនយោបល់ ទៅក្រសួងពាក់ព័ន្ធ៕