សារលិខិតជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ ផ្ញេីសារលិខិតអបអរសាទរ​ ជូនចំពោះ​ ឯកឧត្តម ជិន ថាញ់មិន​ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ វិស័យការទូតសភា បានចូលរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ​ និងការដោះស្រាយបញ្ហានានាជូនមនុស្សជាតិលើសកលលោក ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើប្រទេសកាណាដាបន្តគាំទ្រកម្ពុជាសម្រេចនូវគោលដៅ«កម្ពុជាគ្មានមីន»ក្នុងឆ្នាំ២០២៥
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើប្រទេសកាណាដាបន្តគាំទ្រកម្ពុជាសម្រេចនូវគោលដៅ«កម្ពុជាគ្មានមីន»ក្នុងឆ្នាំ២០២៥
រៀបរៀងដោយ ៖​ NA002 ​ នៅថ្ងៃទី (5/14/2024 7:18:06 PM )
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃចន្ទ​ ទី១៣ ខែឧសភា​ ឆ្នាំ២០២៤។
 
លោកជំទាវ Ping M. Kitnikone បានចូលរួមអបអរសាទរជូន​ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា និងជាស្រ្តីដំបូងនៅកម្ពុជា ដែលទទួលតំណែងដ៏ឧត្តុង្គឧត្តមនេះ និងបានចូលរួមអបអរសាទរសមិទ្ធផលថ្មីៗជាច្រើន ដែលរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិថ្មីកំពុងបន្តសម្រេចបាន។ លោកជំទាវ បានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា​ និងកាណាដា។ ជាមួយគ្នានេះ លោកជំទាវបានគូសបញ្ជាក់ពីសារៈសំខាន់នៃជំនួបរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ចាស្ទីន ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា កាលពីឆ្នាំ២០២២ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលបានធ្វើឱ្យទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសទាំងពីរបោះជំហានទៅមុខទាំងក្របខណ្ឌកម្ពុជា​ និងកាណាដា​ ក៏ដូចជាកាណាដា​ និងអាស៊ានផងដែរ។ បន្ថែមពីនេះ កាណាដាក៏បានស្នើដល់កម្ពុជាបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត រវាងកាណាដា​ និងអាស៊ាន។
 
សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង​ និងមិត្តភាពដ៏ល្អរវាងកម្ពុជា​ និងកាណាដា ទោះបីប្រទេសទាំងពីរនៅឆ្ងាយពីគ្នាក្តី ប៉ុន្តែប្រទេសទាំងពីរបានភ្ជាប់ការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥២មក។ ក្រោយរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំ កម្ពុជា​ និងកាណាដា បានភ្ជាប់ទំនាក់ទំនងជាមួយគ្នាវិញនៅឆ្នាំ១៩៩៣។ មុនចំណងការទូតផ្លូវការរវាងប្រទេសទាំងពីរបានភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៣ កាណាដាបានជួយដល់ជនភៀសខ្លួនខ្មែរជាច្រើនពាន់នាក់ឱ្យបានទៅរស់នៅប្រទេសទី៣ ជាពិសេសប្រទេសកាណាដា។ នាពេលបច្ចុប្បន្ន មានប្រជាពលរដ្ឋខ្មែរ សញ្ជាតិកាណាដាប្រមាណជាង ៤ សែននាក់ កំពុងរស់នៅកាណាដា​ និងបានចូលរួមចំណែកជាធនធានសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា​ ប្រទេសកាណាដាបានដើរតួនាទីដ៏សំខាន់ក្នុងការរួមចំណែកដល់ដំណើរការកសាងសន្តិភាព ស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់កម្ពុជា ដែលក្នុងនោះ ជំនួយគាំទ្រ ទាំងផ្នែកបច្ចេកទេស​ និងហិរញ្ញវត្ថុ បានរួមជាវិភាគទានដ៏មានតម្លៃចូលរួមស្តារ កសាង និងអភិវឌ្ឍន៍កម្ពុជា ក្នុងនោះមានវិស័យពាណិជ្ជកម្ម វិនិយោគ បោសសំអាតមីន កងកម្លាំងរក្សាសន្តិភាព បណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនួយមនុស្សធម៌ផ្សេងៗជាច្រើនទៀត។ សម្តេចបានស្នើដល់ប្រទេសកាណាដាបន្តគាំទ្រដល់កម្ពុជាដើម្បីសម្រេចបានគោលដៅ «កម្ពុជាគ្មានមីន» ត្រឹមឆ្នាំ២០២៥។
 
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានស្នើដល់លោកជំទាវ ឯកអគ្គរាជទូត ជួយបន្តយកចិត្តទុកដាក់លើកកម្ពស់ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរឱ្យបានគ្រប់ជ្រុងជ្រោយឡើង។ សម្តេចបានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី​ និងពហុភាគី ដើម្បីលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម ការពារសុខសន្តិភាព ស្ថិរភាពជូនប្រជាពលរដ្ឋ ក្នុងបរិបទសកលលោក ដែលកំពុងប្រឈមជាមួយបញ្ហាស្មុគស្មាញលើភូមិសាស្រ្ត​នយោបាយ សង្រ្គាម រួមនឹងការប្រែប្រួលអាកាសធាតុ ជាដើមនោះ។
 
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេសដែលទទួលជំនួយសន្តិភាពពីបរទេសទៅជាប្រទេសដែលបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់ប្រទេសនានានាំមុខគេនៅក្នុងតំបន់អាស៊ាន។ បច្ចុប្បន្ន ក្រោមឆត្រអង្គការសហប្រជាជាតិកងកម្លាំងមួកខៀវកម្ពុជា បានចួលរួមរក្សាសន្តិភាពនៅក្នុងប្រទេសចំនួន៩ នៅក្នុងពិភពលោក​ ៕