នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចតែងតំាង ប្រធាននាយកដ្ឋានសន្តិសុខ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានសន្តិសុខ ក៏ដូចជាមន្រ្តីទំាងអស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បន្តខិតខំបំពេញការងារ តាមតួនាទី ភារកិច្ច ដោយយកចិត្តទុកដាក់ខ្ពស់ ប្រកាន់ស្មារតីទទួលខុសត្រូវ ធ្វើឱ្យការងារដែលសម្រេចបាន មានគុណភាព និងប្រសិទ្ធភាពខ្ពស់ ។ ឯកឧត្តមបណ្ឌិត ក៏បានស្នើដល់មន្រ្តី ត្រូវសិក្សារៀនសូត្រអភិវឌ្ឍន៍ចំណេះដឹង និងជំនាញឱ្យបានជាប់ជាប្រចាំ។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្តថា ក្រៅពីសមត្ថភាពការងារហើយ មន្រ្តីទំាងអស់ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌និងសុជីវធម៌ ទំាងនៅកន្លែងធ្វើការ និងការរស់នៅ ពីព្រោះថាសីលធម៌និងសុជីវធម៌របស់មន្ត្រី ក៏ជាប់ពាក់ព័ន្ធនឹងកិត្តិយស ព្រមទាំងតម្លៃរបស់ស្ថាប័នផងដែរ។
ជាឧទាហរណ៍ ឯកឧត្តមបណ្ឌិតគូសបញ្ជាក់ថា សកម្មភាពសីលធម៌បន្តិចបន្តួចរបស់មន្រ្តី ដូចជាការគោរពរាក់ទាក់ស្វាមន៍ ជួយសម្រួលការងារដល់ភ្ញៀវដែលបានអញ្ជើញមកដល់វិមានរដ្ឋសភា នឹងក្លាយជាចំណែកសំខាន់ដល់ការលើកកម្ពស់មុខមាត់ស្ថាប័នផង និងជាគុណសម្បត្តិរបស់បុគ្គលម្នាក់ៗផង។
សូមជម្រាបថា ពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំថ្មីនៃនាយកដ្ឋានសន្តិសុខនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា៕