Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » និស្សិតមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ ធ្វេីទស្សនកិច្ចស្វែងយល់ពីតួនាទីភារកិច្ចរបស់រដ្ឋសភា
និស្សិតមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ ធ្វេីទស្សនកិច្ចស្វែងយល់ពីតួនាទីភារកិច្ចរបស់រដ្ឋសភា
Prepaired By: NA002 ​ Date: (12/24/2024 11:26:54 PM )

នាព្រឹកថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០២៤​ និស្សិតមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា​ ចំនួន២៥នាក់ បានធ្វេីទស្សនកិច្ចស្វែងយល់ពីតួនាទីភារកិច្ចរបស់​រដ្ឋសភា​ ដែលបានទទួលស្វាគមន៍​ និងផ្តល់បទឧទ្ទេសនាមដោយ​ លោកជំទាវ គ្រួច សំអាន ប្រធានស្តីទី គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា​ និងសហការី។

លោកជំទាវ គ្រួច សំអាន​ បានបង្ហាញពីប្រវត្តិរដ្ឋសភាកម្ពុជាចាប់ពីឆ្នាំ១៩៤៧​ មកដល់បច្ចុប្បន្ន​ និងបានបង្ហាញតួនាទី និងភារកិច្ចរបស់រដ្ឋសភា​ ដែលជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋម្មនុញ្ញ និងច្បាប់ជាធរមាន។ តំណាងរាស្ត្រមានតួនាទីក្នុងការធ្វេីច្បាប់​ តាមដានការអនុវត្តច្បាប់​ ភាពជាតំណាងរបស់ប្រជាជាតិ​ និងតួនាទីការទូតសភា។ ជាមួយគ្នានោះ​ លោកជំទាវ បានបង្ហាញយ៉ាងលំអិត​ពី​នីតិវិធី​ និងការអនុម័តច្បាប់នៅរដ្ឋសភា​ ការបញ្ជូនទៅព្រឹទ្ធសភាពិនិត្យ​និងឱ្យយោបល់​ និងនីតិវិធីនៃការប្រកាសឱ្យប្រេីច្បាប់។

កញ្ញា​ មុនីលក្ខណ៍ សោគន្និកា តាងនាមសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងមហាវិទ្យាល័យច្បាប់ បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី​ ឃួន​ សុដារី ប្រធានរដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យមាននូវដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពី តួនាទី និងភារកិច្ចរបស់រដ្ឋសភា និងបានថ្លែងអំណរគុណចំពោះ លោកជំទាវ គ្រួច សំអាន​ ប្រធានស្តីទីគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា​ ដែលបានចំណាយពេលវេលាដ៏មានតម្លៃជាអធិបតី និងផ្តល់បទឧទ្ទេសនាមដល់ក្រុមនិស្សិត និងសូមអរគុ​ណអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានសម្របសម្រួល និងទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅនាពេលនេះ៕