ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ថាឫទ្ធិ តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប បានអញ្ជើញអមដំណើរគណៈប្រតិភូសភាតំណាងប្រជាជនចិន ដឹកនាំដោយ លោកជំទាវ ចុង មីង (Zong Ming) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនក្រុងសៀងហៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម សុខ ថុល អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមសម្ដែងនូវមនោសញ្ចេតនារីករាយក្រៃលែងចំពោះទំនាក់ទំនងរវាងខេត្តសៀមរាប និងក្រុងសៀងហៃ។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមសម្ដែងនូវភាពរីករាយជាទីបំផុតចំពោះវត្តមានរបស់ប្រតិភូក្រុងសៀងហៃ ក្នុងដំណើរទស្សនកិច្ចនៅខេត្តសៀមរាប។ ឯកឧត្តមក៏បានរំលឹកផងដែរថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ចិន ត្រូវបានលើកកម្ពស់មួយកម្រិតធំថែមទៀត ហើយកម្ពុជាតែងប្រកាន់ជំហគាំទ្រគោលនយោបាយការបរទេសចិន ជាពិសេសគោលនយោបាយចិនតែមួយ និងគំនិតផ្តួចផ្តើមស្ដីពី “BRI រឺ ការផ្តួចផ្តើមគំនិតខ្សែក្រវាត់ និងផ្លូវតែមួយ” ដែលបានរួមចំណែកផ្តល់លទ្ធភាពដល់កម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ស្ពាន ព្រលានយន្តហោះ ជាក់ស្តែងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាដើម ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រជាជនខេត្តសៀមរាប និងទ្រទ្រង់ដល់វិស័យទេសចរណ៍។ ជាមួយគ្នានេះ ចាប់តាំងពីឆ្នាំ១៩៩៣-២០២៤ រដ្ឋបាលខេត្តសៀមរាប បានចងសម្ព័ន្ធមេត្រីភាពកិច្ចសហប្រតិបត្តិការជាមួយខេត្ត-ក្រុង ចំនួន៣០ នៃសាធារណរដ្ឋប្រជាមានិតចិន។ ដោយឡែក ខេត្តសៀមរាប និងក្រុងសៀងហៃ នៅមិនទាន់មានទំនាក់ទំនងចងសម្ព័ន្ធមេត្រីភាពជាមួយគា្ននៅឡើយទេ។
លោកជំទាវ ចុង មីង (Zong Ming) បានថ្លែងអំណរ គុណចំពោះ ឯកឧត្តម សុខ ថុល អភិបាលរងខេត្តសៀមរាប ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប លោកជំទាវ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកជំទាវប្រធានប្រតិភូ ក៏បានគោរពជម្រាបជូន ឯកឧត្តម អភិបាលរងខេត្តផងដែរថា ប្រទេសចិន និងកម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធ ស្មោះត្រង់ និងជាមិត្តដែកថែប ហើយប្រទេសកម្ពុជាមានសម្រស់ស្រស់ត្រកាល មានសក្តានុពលលើវិស័យកសិកម្ម និងទេសចរណ៍ជាដើម។
ឯកឧត្តម បានជម្រាបជូនគណៈប្រតិភូថា ខេត្តសៀមរាប មានវិស័យចំនួន០៣សំខាន់ គឺវិស័យទេសចរណ៍ កសិកម្ម និងវិស័យវប្បធម៌ ដោយសារតែខេត្តសៀមរាបគឺជាអតីតរាជធានីប្រទេសកម្ពុជាកាលពីសម័យជាង៥០០ឆ្នាំមុន។ ឯកឧត្តម អភិបាលរងខេត្ត និងលោកជំទាវ ចុង មីង (Zong Ming) បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរមានស្រាប់លើវិស័យទេសចរណ៍ អប់រំ ពាណិជ្ជកម្ម វប្បធម៌ និងវិស័យផ្សេងៗទៀត និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗទៀត។ ឯកឧត្តមក៏បានអរគុណដល់រដ្ឋាភិបាលចិន បានផ្តល់ធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស បច្ចេកទេសជួយជួសជុលប្រាសាទបុរាណខ្មែរ ចំនួន០២ នៅក្នុងតំបន់អង្គរគឺប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ ដែលមកដល់ពេលនេះបានបញ្ចប់ ជាស្ថាពរ ហើយក៏បានគ្រោងក្នុងការផ្ដល់ជំនួយបច្ចេកទេសសម្រាប់ការងារអភិរក្ស និងជួសជុលប្រាសាទបឹងមាលា នាពេលខាងមុខ។
ជាចុងក្រោយ ឯកឧត្តម សុខ ថុល ក៏បានជូនពរ លោកជំទាវ ចុង មីង (Zong Ming) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនក្រុងសៀងហៃ និងគណៈប្រតិភូឱ្យទទួលបានជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ៕