សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង
សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង
រៀបរៀងដោយ ៖​ NA002 ​ នៅថ្ងៃទី (3/6/2024 9:51:24 PM )
នាទីក្រុងប៉ារីស ប្រទេសបារាំង ល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ កិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីបានចាប់ផ្តើមជាផ្លូវការដោយមានការចូលរួមពីប្រធានសភាជាស្រ្តីទាំង២៥រូបនៅលើពិភពលោក អង្គទូតនៃប្រទេសតំណាងទាំង២៥នៅប្រទេសបារាំង ព្រមទាំងប្រតិភូអមដំណើរ និងអង្គការដៃគូរបស់រដ្ឋសភាបារាំង។
 
នេះជាដំណើរដ៏វែងឆ្ងាយនិងស្មុគ្រស្មាញមួយក្នុងការពង្រឹងសមភាពយេនឌ័រនិងការផ្តល់ភាពអង់អាចដល់ស្រ្តី។ នេះក៏ជាជាចលនាមួយសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាញស្រ្តីជាថ្នាក់ដឹកនាំនៅលើពិភពលោក ដើម្បីផ្តល់សិទ្ធិពេញលេញដល់ស្រ្តី។ នៅក្នុងប្រទេសដែលមានសង្រ្គាម ស្រ្តីនិងកុមារគឺជាអ្នកដែលទទួលគ្រោះខ្លាំងជាគេ បច្ចុប្បន្ននេះ មានវិបត្តិនិងសង្គ្រាមជាង៤៤កន្លែង នៅលើពិភពលោក ដូច្នេះតួនាទីរបស់ស្រ្តីនៅក្នុងរបៀបវារៈសន្តិសុខ និងសន្តិភាពគឺពិតជាមិនអាចខ្វះបាន ។
 
ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោកជំទាវ យ៉ាអ៊ែល ប្រូន-ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភាប្រទេសបារាំងបានផ្តល់នូវចំណាប់អារម្មណ៍ក្នុងនាមជាស្រ្តីទី១ ដែលបានជាប់ឆ្នោតជាប្រធានសភានៃប្រទេសបារាំងថា លោកជំទាវពិតជាមានមោទនភាពដែលរូបលោកជំទាវ និងស្រ្តីនៃប្រទេសផ្សេងទៀតបានជាប់ឆ្នោតជាប្រធានសភា។
លោកជំទាវបានលើកឡើងថា ការជួបជុំប្រធានសភាជាស្រ្តីពិភពលោកនាពេលនេះ ដើម្បីជំរុញបន្ថែមនូវការទូតសភាបុរេសកម្ម ដែលគិតគូពីបញ្ហាស្រ្តី និងក្មេងស្រី និងលើកកម្ពស់សិទ្ធិស្រ្តីនៅទូទាំងពិភពលោក។ លោកជំទាវបានលើកឡើងថា ដើម្បីផ្លាស់ប្តូរបរិបទពិភពលោក យើងត្រូវផ្លាស់ប្តូរការគិតរបស់ប្រទេសយើងអំពីទស្សនៈចំពោះយេនឌ័រ។
 
ប្រធានរដ្ឋសភាប្រទេសបារាំង បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា គិតគូអំពីវិធានការជាវិជ្ជមានដែលជួយគាំទ្រដល់ស្រ្តី ផ្តល់សិទ្ធិសេរីភាពពេញលេញដល់ស្រ្តី ប្រឆាំងរាល់ទម្រង់នៃការរើសអើង និងអំពើហិង្សាលើស្ត្រី ក៏ដូចជាលើកកម្ពស់សមភាពរវាងស្ត្រី និងបុរស តាមរយៈការស្នើនិងការអនុម័តច្បាប់។
នេះជាលើកទី១ហើយ ដែលមានជំនួបកំពូលប្រធានសភាស្រ្តីពិភពលោក ហើយរដ្ឋសភាប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះ។ លោកជំទាវ យ៉ាអ៊ែល ប្រូន-ពីវេ បានឱ្យដឹងថា នៅក្នុងដំណើរការកិច្ចប្រជុំនាឱកាសនេះ នឹងមានវេទិកាតុមូលចំនួនពីរ។ វេទិកាទី១ មានប្រធានបទ និយាយពីការអប់រំប្រកបដោយសមភាព ការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រី និងសុខភាពស្ត្រី និងវេទិកាតុមូលទី២ និយាយពី សមភាពរវាងស្ត្រី និងបុរសក្នុងវិស័យនយោបាយ និងការអះអាងអំពីតួនាទីគំរូរបស់ស្ត្រី។
នៅក្នុងឱកាសបើកកិច្ចប្រជុំជាផ្លូវការនេះ ក៏មានការផ្តល់ចំណាប់អារម្មណ៍ពី លោកជំទាវ ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក តាមសារវីដេអូ ព្រមទាំងមានការផ្តល់ចំណាប់អារម្មណ៍ពីលោកស្រី អូលេកសាន់ដ្រា ម៉ាវីឈូក (Oleksandra Matviichuk) មេធាវីការពារសិទ្ធិមនុស្សជនជាតិអ៊ុយក្រែន និងជាអ្នកទទួលបានពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២២។
 
លោកស្រីបានលើកឡើងថា ស្រ្តី និងក្មេងស្រីបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីសង្រ្គាមរុស្សី-អ៊ុយក្រែន និងបានស្នើសុំឱ្យស្រ្តីជាប្រធានរដ្ឋសភាទាំងអស់គិតគូរួមគ្នាក្នុងការអនុម័តច្បាប់ ដើម្បីថ្កោលទោសចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងឈានទៅបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែនតាមដែលអាចធ្វើទៅបាន។
គណៈប្រតិភូជាប្រធានសភាទាំងអស់ បានចូលរួមពិធីសម្ពោធការតាំងពិព័រណ៍ដែលឧទ្ទិសដល់សិទ្ធិនយោបាយដំបូងរបស់ស្រ្តីនៅលើពិភពលោក និងស្រ្តីនៅបារាំង ដែលរៀបចំឡើងនៅក្នុងវិមានរដ្ឋសភាសាធារណរដ្ឋបារាំង នៅមុនការឈានដល់ការបើកវេទិកាតុមូល ដែលជាឱកាសតំណាងរាស្រ្តជាស្រ្តីទាំងអស់ បានបញ្ចេញទស្សនៈនៅក្នុងកិច្ចការពារផលប្រយោជន៍ និងគុណតម្លៃរបស់ស្រ្តីនៅលើសកលលោក ៕