សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Paetongtarn Shinawatra ប្រធានគណបក្សភឿថៃ
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Paetongtarn Shinawatra ប្រធានគណបក្សភឿថៃ
រៀបរៀងដោយ ៖​ NA002 ​ នៅថ្ងៃទី (3/18/2024 2:38:04 AM )
នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទី និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ​ លោកជំទាវ Paetongtarn Shinawatra ប្រធានគណបក្សភឿថៃ និងគណៈប្រតិភូ នៅវិមានរដ្ឋសភា។
 
ក្នុងនាម​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតផ្ទាល់ បានសម្ដែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះ​ លោកជំទាវ​ និងគណៈប្រតិភូថៃ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា និងបានអញ្ជើញមកកាន់រដ្ឋសភានាពេលនេះ។
 
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ជំនួបនាពេលនេះ គឺនឹងជំរុញទំនាក់ទំនងរវាងគណបក្សយើងទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃ ឱ្យកាន់តែស៊ីជម្រៅ ស្អិតរមួត និងទូលំទូលាយបន្ថែមទៀត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងសមាជិកសភានៃគណបក្សទាំងពីរ ដើម្បីការពារ និងបង្កើនផលប្រយោជន៍សម្រាប់ប្រជាជននៃទាំងពីរប្រទេស។
 
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍លើកឡើងពីទំនាក់ទំនងរដ្ឋសភានៃប្រទេសទាំងពីរ ដែលតែងតែផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសទស្សនកិច្ចរបស់ ឯកឧត្តម Wanmuhamadnoor Matha ប្រធានរដ្ឋសភាថៃ ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៤​ ខាងមុខនេះ។
 
ជាមួយគ្នានេះ រដ្ឋសភាប្រទេសទាំងពីរក៏មានការយកចិត្តទុកដាក់ក្នុងការជំរុញយន្តការសភាវ័យក្មេង និងស្ត្រី នៅក្នុងក្របខណ្ឌជាតិ និងអន្តរសភាអាស៊ាន (អាយប៉ា) ជាពិសេសបានរួមគ្នាអភិវឌ្ឍន៍ និងគាំទ្រការជំរុញសភាឌីជីថល ដែលបានគាំទ្រដល់គំនិតផ្តួចផ្តើមបង្កើត​ «បណ្ណាល័យច្បាប់ឌីជីថល AIPA» ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសនីមួយៗ និងប្រជាជនក្នុងតំបន់អាស៊ាន។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគាំទ្រយ៉ាងពេញទំហឹង ចំពោះការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ ដែលបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយនេះជាសក្ខីភាពបង្ហាញពីការរីកលូតលាស់នៃភាពសម្បូរបែបនៅក្នុងទំនាក់ទំនងទ្វេភាគី និងបន្តការរីកចម្រើនរួមក្នុងយុគសម័យថ្មី។
 
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតប្រធានរដ្ឋសភាស្ដីទី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃទាំងក្នុងក្របខណ្ឌទ្វេភាគី កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ពិសេសលើវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ ដែលមានសន្ទុះគួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសទាំងពីរ គួរបង្កឱ្យមានលក្ខណៈងាយស្រួលដល់ច្រករបៀងទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសជំរុញយន្តការព្រះរាជាណាចក្រពីរ គោលដៅតែមួយ ធ្វើយ៉ាងណាឱ្យសន្ទុះនៃវិស័យទេសចរណ៍កើនឡើងទ្វេដង ដើម្បីជាផលប្រយោជន៍រួម។
 
ទាក់ទងនឹងទំនាក់ទំនងអន្តរគណបក្ស ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានអរគុណ និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃ នៅគ្រប់វេទិកា ជាពិសេសក្នុងក្របខ័ណ្ឌ ICAPP និងថា ក្នុងឆ្នាំ២០២៤នេះ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱន​ និងសន្តិភាព (International Parliament for Tolerance and Peace – IPTP) លើកទី១១ ហើយគណបក្សប្រជាជនកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតនៃសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ ហើយយើងសង្ឃឹមថា​ រដ្ឋសភាថៃ និងគណបក្សភឿថៃ គាំទ្រ​ និងចូលរួម​ ព្រមទាំងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ចូលរួមក្នុងកិច្ចប្រជុំទាំងពីរនេះ។
 
លោកជំទាវ Paetongtarn Shinawatra ប្រធានគណបក្សភឿថៃ បានមានប្រសាសន៍ជម្រាបជូនពីដំណើរការនៃការដឹកនាំរដ្ឋាភិបាលនៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ន ដែលមានគណបក្សចំរុះកំពុងធ្វើការរួមគ្នា និងបានកសាងសុខសន្តិភាពដែលបានបាត់បង់មួយរយៈកាលមុន ឱ្យមានភាពល្អប្រសើរឡើងវិញ។ នៅពេលដែលប្រទេសមានសន្តិភាព អ្វីដែលត្រូវធ្វើបន្តគឺការធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើន។ លោកជំទាវ មានជំនឿថា សន្តិភាពនឹងមានបន្តសម្រាប់ប្រទេសទាំងពីរថៃ-កម្ពុជា ដែលនឹងនាំឱ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរក៏មានការរីកចម្រើនផងដែរ។
 
លោកជំទាវ Paetongtarn Shinawatra បានមានប្រសាសន៍លើកឡើងពីទំនាក់ទំនងដ៏ល្អរវាងគណបក្សភឿថៃ និងគណបក្សប្រជាជនកម្ពុជា ដែលមានតាំងពីយូរមកហើយ និងថា ត្រូវធ្វើឱ្យទំនាក់ទំនងដ៏ល្អនេះមានជាបន្តយូរអង្វែងទៅមុខទៀត។​ លោកជំទាវ ក៏បានថ្លែងគាំទ្រប្រសាសន៍របស់​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលលើកឡើងអំពីលក្ខណៈងាយស្រួលដល់ច្រករបៀងទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-ថៃ ជាពិសេសជំរុញយន្តការព្រះរាជាណាចក្រពីរ គោលដៅតែមួយ ផងដែរ​ ៕