នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងសុខាភិបាល ត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ ដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដែលដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) នៅសាលសន្និសីទបាយ័ន។
លោកជំទាវ ឡោក ខេង បានបញ្ជាក់ជូនក្រសួងសុខាភិបាលថា កិច្ចប្រជុំនាពេលនេះ ក្នុងគោលបំណងសំខាន់គឺសិក្សាស្វែងយល់នូវវិស័យការងារដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៨ នៃរដ្ឋសភា រួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះឱ្យមានប្រសិទ្ធភាព។
បន្ទាប់ពីបានបង្ហាញរបាយការណ៍លើមាគ៌ាវឌ្ឍនភាពការងាររបស់ក្រសួង ក្នុងដំណើរឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានបញ្ជាក់ពីវិធានការគន្លឹះមួយចំនួនបន្ថែមទៀតដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្តោតជាចម្បងលើការពង្រឹងសមត្ថភាព ផ្តល់សេវាសុខភាពបឋមនៅតាមមូលដ្ឋាន តាមរយៈការពង្រឹងសមត្ថភាពផ្តល់សេវានៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក តាមរយៈការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងកសាងភាពជាដៃគូរឹងមាំ រវាងវិស័យសុខាភិបាលសាធារណៈ និងឯកជនផងដែរ។ ឯកឧត្តមបានបន្តថា ក្រសួងបានជំរុញ និងពង្រីកការផ្តល់សេវាសុខាភិបាល ឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល ដោយពង្រឹងលើការផ្តល់សេវាគ្របដណ្តប់ប្រជាជនតាមគោលនយោបាយប្រព័ន្ធគាំពារសុខភាពសង្គម តាមរយៈមូលនិធិសមធម៌គ្រួសារក្រីក្រ ក្រុមប្រជាជនបម្រើការក្នុងវិស័យកំសាន្ត និងទេសចរណ៍ក្រៅប្រព័ន្ធ គ្រួសារងាយរងគ្រោះ ព្រមទាំងសមាជិកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ទាំងអស់។ ឯកឧត្តមបានលើកឡើងនូវវឌ្ឍនភាពការងារដែលសម្រេចបាន និងបង្ហាញពីចំណុចខ្លាំង ចំណុចខ្សោយដែលនៅមានបញ្ហាប្រឈមមួយចំនួន ដែលក្រសួងកំពុងខិតខំដោះស្រាយឱ្យបានសម្រេចជាបន្តបន្ទាប់នាពេលខាងមុខនេះ។
លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងអបអរសាទរពីការបណ្តុះបណ្តាលគ្រូពេទ្យនៅតាមមណ្ឌលសុខភាព ឲ្យចេះពិនិត្យព្យាបាលបឋមចំពោះអ្នកមានជំងឺមួយចំនួន ពិសេសជំងឺមិនឆ្លងមានដូចជា ជំងឺទឹកនោមផ្អែម ជំងឺឡើងសម្ពាធឈាម ជំងឺខ្សោយបេះដូង និងការគិតគូរបង្កើតមន្ទីរពេទ្យនៅតាមថ្នាក់តំបន់ ខេត្ត មានដូចជា នៅខេត្តសៀមរាប និងខេត្តកំពង់ចាម ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកលនៅទូទាំងរាជធានីខេត្ត។
លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី និងសហការី ជ្រាបថា គណៈកម្មការបានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយក្រសួងសុខាភិបាល ក្នុងការជំរុញ និងគាំទ្រលើផែនការសកម្មភាព និងផែនការយុទ្ធសាស្រ្តក្នុងការលើកកម្ពស់សុខភាពសាធារណៈ រួមនឹងការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺមិនឆ្លងនៅព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវប្រធាន ក៏បានស្នើសុំឲ្យមានការសហការពីក្រសួងសុខាភិបាល ក្នុងការធ្វើយុទ្ធនាការថ្នាក់ជាតិមួយ ផ្សព្វផ្សាយពីហានិភ័យ និងវិធានការបង្ការការពារជំងឺមិនឆ្លងឱ្យបានទូលំទូលាយ និងដាក់ចេញនូវពាក្យស្លោកប្រចាំគណៈកម្មការទី៨គឺ "សុខភាពគឺជាកូនសោរគន្លឹះ នៃការកាត់បន្ថយភាពក្រីក្រ" ផងដែរ ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន