Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវា ជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ និងជួបសំណេះសំណាលជាមួយកុមារ មានពិការសតិបញ្ញា និងអូទីស្សឹម នៅវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ
សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវា ជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ និងជួបសំណេះសំណាលជាមួយកុមារ មានពិការសតិបញ្ញា និងអូទីស្សឹម នៅវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ
Prepaired By: NA002 ​ Date: (12/16/2024 6:49:50 PM )

ខេត្តកណ្តាល៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សមាជិកសភាមណ្ឌលខេត្តស្វាយរៀង និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវា ជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ និងជួបសំណេះសំណាលជាមួយកុមារ មានពិការសតិបញ្ញា និងអូទីស្សឹម នៅវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវ អ្នកតំណាងរាស្រ្ត អ្នកឧកញ៉ា ឧកញ៉ា ប្រតិភូអមដំណើរ អភិបាលរងខេត្ត ព្រមទាំងមន្ទីរជុំវិញខេត្តផងដែរ។

ថ្លែងក្នុងពិធីនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាព ជនពិការ និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះជនមានពិការភាពទាំងអស់ ដែលលោកទាំងទ្វេតែងតែខ្វល់អំពី សុខទុក្ខប្រជាពលរដ្ឋគ្រប់រូបទាំងអស់ ជាពិសេស គឺបងប្អូនដែលមានពិការភាព ជនមានពិការភាពសតិបញ្ញា និងអូទីស្សឹម ដោយមិនទុកឲ្យអ្នកណានៅឯកានោះទេ។

សម្តេចកិត្តិបានមានប្រសាសន៍ថា ទិវាជនមានពិការភាពអន្តរជាតិ ត្រូវបានប្រារព្ធឡើងនៅគ្រប់ប្រទេសទូទាំងពិភពលោកនៅថ្ងៃទី៣ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិចូលរួមសកម្មភាពនានា ក្នុងសង្គមរបស់ជនមានពិការភាព ប្រមាណ១,៥ពាន់លាននាក់ នៃប្រជាជនសរុបនៅក្នុងពិភពលោក ដែលជាជនមានពិការភាពកាយសម្បទា ញាណដឹង សតិបញ្ញាជាដើម ដោយសារតែ ការរស់នៅរបស់ពួកគេតែងតែប្រឈមជាមួយឧបសគ្គរារាំងនានាដូចជា៖ ការរើសអើង ការប្រមាថមាក់ងាយ ការផាត់ចេញពីសហគមន៍ ការមិនរាប់អាន ការមិនទទួលស្គាល់ ការមិនផ្តល់សេវា ការមិនផ្តល់ឱកាស និងមិនមានសិទ្ធិពេញលេញនៅក្នុងសង្គម ដែលនាំឲ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

សម្តេចកិត្តិបានមានប្រសាសន៍បន្តថា សម្រាប់កម្ពុជា ការប្រារព្ធទិវាជន មានពិការភាពនេះឡើង គឺដើម្បីរំលឹកពីមហាវិនាសកម្ម ដែលបានកើតឡើង ដោយសារភ្លើងសង្គ្រាម ជាពិសេសដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវ ផលវិបាកជាច្រើនដល់សង្គមរួមមានស្រ្តីមេម៉ាយ កុមារកំព្រា ជនមានពិការភាព ព្រមទាំងបានបន្សល់នូវគ្រាប់មីន និងកាកសំណល់ ជាតិផ្ទុះសល់ពីសង្គ្រាមស្ទើរតែពាសពេញផ្ទៃប្រទេស។ នេះជាសោកនាដកម្មមួយរបស់កម្ពុជា ដែលប្រជាជនកម្ពុជាធ្លាប់ទទួលរង ពីការទម្លាក់គ្រាប់បែករាប់លានតោន ដែលបានធ្វើឱ្យប្រជាជនរបួស ពិការ ស្លាប់រាប់លាននាក់ ដោយគ្មានការទទួលខុសត្រូវ ហើយបន្ទុកទាំងនេះក៏បានធ្លាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងសម័យកាលជាបន្តបន្ទាប់មកនេះ។ ដូចនេះ ការធានាបាននូវសន្តិភាព នឹងជួយបង្ការការវិលត្រឡប់មកវិញ នៃជម្លោះ និងសង្គ្រាមដែលជាកត្តាដ៏ចម្បង នៅក្នុងការកាត់បន្ថយពិការភាព របស់មនុស្សជាតិ នៅលើភពផែនដីនេះ ក៏ដូចជាការកសាងលក្ខខណ្ឌ សម្រាប់លើកកម្ពស់ជីវភាព និងសុខមាលភាពរបស់ជនមានពិការភាពផងដែរ។

សម្តេចកិត្តិបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានខិតខំគ្រប់បែបយ៉ាងសំដៅកែលម្អជីវភាពរស់នៅ និងធានាដល់ការធ្វើអន្តរកម្មជន មានពិការភាព គ្រប់សកម្មភាព ការលើកកម្ពស់ការងារ និងធុរកិច្ច តាមបរិការណ៍នៃបរិវត្តកម្មឌីជីថល។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏បាននិងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក្នុងគោលបំណងរក្សាលំនឹងជីវភាព និងសេដ្ឋកិច្ចផងដែរ។

នាឱកាសនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា ដែលបានយកចិត្តទុកដាកក្នុងការមើលថែ និងជួយបង្រៀនដល់កុមារមានពិការភាពសតិបញ្ញា និងអូទីស្សឹម ព្រោះថា ពួកគាត់ មានលក្ខណៈខុសពីកុមារធម្មតា ដែលមិនងាយក្នុងការគ្រប់គ្រង និងបង្ហាត់បង្រៀនឡើយ ទាមទាឲ្យលោកគ្រូ អ្នកគ្រូត្រូវធ្វើនូវ សកម្មភាពដដែលៗ ជាច្រើនលើក ច្រើនសារ ទើបសិស្សអាចចាប់បាន រួមជាមួយនឹងភាពអត់ធ្មត់របស់លោកគ្រូ អ្នកគ្រូគឺធ្វើដោយ ការពេញចិត្ត និងពោពេញទៅដោយទឹកចិត្តស្រលាញ់ចេញពីបេះដូង។