ប្រជាពលរដ្ឋក្នុងភូមិស្វាយទាប ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានបង្ហាញនូវទឹកចិត្ត ស្រឡាញ់សុខសន្តិភាព និងបានថែ្លងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូន សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គទេសក៍និងប្រតិបត្តិករ សន្តិភាពនៅកម្ពុជា ដែលធ្វើពលីកម្មគ្រប់បែបយ៉ាងនាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍគ្រប់វិស័យជូនប្រជាពលរដ្ឋនិងប្រទេសជាតិ។
ប្រជាពលរដ្ឋបាន បង្ហញក្តីសប្បាយរីករាយ ថ្លែងអំណរគុណជូន សម្តេចតេជោ ហ៊ុន សែន ដូច្នេះ នៅក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលនានា នៅក្នុងវត្តស្វាយទាប នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ជាម ប៉េអា តំណាងរាស្រ្ត ខេត្តព្រៃវែង និងជាសមាជិក គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភា។
ឯកឧត្តម ជាម ប៉េអា បានមានប្រសាសន៍ឱ្យដឹងថា ប្រជាពលរដ្ឋ មានក្តីសប្បាយរីករាយ ជាមួយសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ លើគ្រប់វិស័យ ដែលបាននាំមកជូនប្រទេសជាតិ ដោយសម្តេចតេជោ ហ៊ុន សែន ហើយបានកំពុងបន្តការពារ ថែរក្សា ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា។
នៅក្នុងពិធីប្រកបដោយ អត្ថន័យនេះ ឯកឧត្តមតំណាងរាស្រ្ត បានពាំនាំនូវ ការសាកសួរសុខទុក្ខ របស់សម្ដេចប្រធានព្រឹទ្ធសភា សម្ដេចប្រធាន រដ្ឋសភា និងសម្ដេចនាយករដ្ឋមន្ត្រី ផ្ញើជូនប្រជាពលរដ្ឋ ដោយបានគូសបញ្ជាក់ថា សម្តេចថ្នាក់ដឹកនាំស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ តែងតែយកចិត្តទុកដាក់ ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ គ្រប់ពេលវេលា។
ឯកឧត្តម ជាម ប៉េអា បានថ្លែងអំណរគុណចំពោះ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយទាប ដែលបានជ្រើសរើសថ្ងៃ២៩ធ្នូនេះ ដែលជាថ្ងៃ ទិវាសន្តិភាពនៅកម្ពុជា ខូប២៦ឆ្នាំនៃ ការបញ្ចប់សង្រ្គាមស៊ីវិល ដោយនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ប្រារព្ធ កម្មវិធី សម្ពោធសមិទ្ធផលនានា នៅក្នុងវត្តស្វាយទាប។ នៅថ្ងៃទី២៩ធ្នូ ប្រជាពលរដ្ឋទូទាំងប្រទេស ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានចូលរួម យ៉ាងសប្បាយរីករាយ គាំទ្រពេញទំហឹងនូវទិវាសន្តិភាពនៅកម្ពុជា ដែលនាំមកជូនដោយ សម្ដេចតេជោ ហ៊ុន សែន។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវសមិទ្ធផលនានា នៅក្នុងវត្តស្វាយទាប មានការអញ្ជើញចូលរួមពី មន្ត្រីរាជការរដ្ឋបាលស្រុក ឃុំ និងក្រុមការងារឃុំ ព្រះសង្ឃ ប្រជាពលរដ្ឋប្រមាណជាង៥០០អង្គ/នាក់ ។ មុនបញ្ចប់កម្មវិធី ឯកឧត្តមតំណាងរាស្រ្ត បានសំណូមពរដល់ ប្រជាពលរដ្ឋនាំគ្នាបន្តបន្តថែរក្សា ការពារសុខសន្តិភាព ស្ថិរភាពសង្គមឱ្យបានគង់វង្ស ជានិច្ចនិរន្តតទៅ ដើម្បីការរីកចម្រើន របស់សង្គមជាតិ ជាបន្តបន្ទាប់ទៀត៕