នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន តំណាងរដ្ឋសភា បានដឹកនាំគណៈប្រតិភូគណ:កម្មការទី៤ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព និងនាំយកសារលិខិតរំលែកទុក្ខជូនចំពោះមរណភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដែលត្រូវជាឪពុកបង្កើតរបស់លោកស្រី ច័ន្ទ ចំរើន នៅគេហដ្ឋាននៃសព ផ្ទះលេខ ៨១-៨៣ ផ្លូវ១៦០ ក្រុមទី២៣ សង្កាត់ទឹកល្អកទី២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ដែលបានទទួលមរណភាពនៅវេលាម៉ោង១២:២៦នាទីរសៀល ថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ ។
ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងការសោកស្តាយ ស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ចំពោះមរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ ដែលជាការបាត់បង់នូវឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវធនធានមនុស្សមួយរូបក្នុងកងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈមនសិការដ៏មោះមុត និងបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុជាតិ មាតុភូមិ ។ នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ ជាឥស្សរជនឆ្នើមមួយរូបដែលបានចូលរួម តស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមក៏បានចូលរួមយ៉ាងសកម្មក្នុងការការពារបូរណរភាពទឹកដី ព្រមទាំងកំណែទម្រង់ និងការអភិវឌ្ឍន៍សមត្ថភាពកងយោធពលខេមរភូមិន្ទឱ្យស្មើមុខ ស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយទ្រទ្រង់ដួងវិញ្ញាណក្ខន្ធឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ បានទៅចាប់បដិសន្ធិក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕