នាយករដ្ឋមន្រ្តីឡាវ និងសម្តេចរដ្ឋសភាធិបតីប្តេជ្ញាជំរុញទំនាក់ទំនងប្រជាជននិងពាណិជ្ជកម្មប្រទេសទំាងពីរ ឱ្យកាន់តែរីកចម្រើនឡើង __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបឯកឧត្តមប្រធានរដ្ឋឡាវថា រដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាខិតខំឱ្យអស់លទ្ធភាពដើម្បីបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទំាងពីរ__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបពិភាក្សាការងារទ្វេភាគីរវាង អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ជាមួយ អគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ__ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា-ឡាវ ជួបពិភាក្សាការងារទ្វេភាគី ដើម្បីពង្រឹងការអនុវត្តអនុស្សរណៈយោគយល់គ្នា ដែលភាគីទាំងពីរបានចុះហត្ថលេខាកន្លងមក​ __ ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ប្តេជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែប្រសើរឡើង ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដង្ហែព្រះមហាក្សត្រជីវិតលើត្បូង យាងពន្លត់ភ្លើងជ័យ នៃពិធីបុណ្យឯករាជ្យខួបលើកទី៧០
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដង្ហែព្រះមហាក្សត្រជីវិតលើត្បូង យាងពន្លត់ភ្លើងជ័យ នៃពិធីបុណ្យឯករាជ្យខួបលើកទី៧០
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (11/12/2023 6:34:39 PM )
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីពន្លត់ភ្លើងជ័យ នៃពិធីបុណ្យឯករាជ្យជាតិ ខួបលើកទី៧០ នៅវិមានឯករាជ្យ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមដង្ហែ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងពិធីដ៏មហានក្ខត្តឫក្សនេះ ដោយមានព្រះវត្តមាន វត្តមាន ឥស្សរជនជាន់ខ្ពស់ជាច្រើនទៀតមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្ដេច ឯកឧត្តម ជាសមាជិក សមាជិកា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល។

ពិធីពន្លត់ភ្លើងជ័យនាឱកាសនេះ ក៏មានវត្តមានចូលរួមពីសំណាក់ អង្គទូតបណ្តាប្រទេសនានា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រះរាជវង្សា​នុវង្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុងបរិយាកាសសប្បាយរីករាយ អបអរសាទរយ៉ាងក្រៃលែង ចំពោះឯករាជ្យជាតិ សុខសន្តិភាព និងការអភិវឌ្ឍនៅព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាបុណ្យឯករាជ្យជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ "ព្រះបរមរតនកោដ្ឋ" ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌ នៃព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យដ៏ពិតប្រាកដជូនជាតិមាតុភូមិ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ពីអាណានិគមនិយមបារាំង។

ប្រជារាស្ត្រខ្មែរគ្រប់រូប តែងតែចងចាំជានិច្ច និងកត់ត្រាក្នុងក្រាំងមាសនៃប្រវត្តិសាស្ត្រជាតិ នូវព្រះមហាករុណាទិគុណ ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ និងគំរូព្រះវីរភាពរបស់ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីសុខសាន្ត និងការរីកចម្រើននៃសង្គមជាតិ ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន