សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ហ្កាប្រីអែល កាតស្មារ៉ែក (Mrs. Gabriele KATZMAREK) ប្រធានគណៈប្រតិភូក្រុមសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុកអាស៊ាន ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។
លោកជំទាវ ហ្កាប្រីអែល កាតស្មារ៉ែក បានថ្លែងអំណរគុណជ្រាលជ្រៅ ដែលសម្តេចប្រធានបានអនុញ្ញាតឱ្យគណៈប្រតិភូលោកជំទាវ បានចូលជួបសម្តែងការគួរសមជាឱកាសនេះ។
លោកជំទាវបានអបអរសាទរចំពោះការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជានៅលើគ្រប់វិស័យ នាពេលបច្ចុប្បន្ននេះ។
លោកជំទាវប្រធានគណៈប្រតិភូ បានលើកឡើងថា ប្រទេសកម្ពុជា និងអាល្លឺម៉ង់ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា តំាងពីយូរណាស់មកហើយ។ ដូច្នេះប្រទេសទំាងពីរត្រូវពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត នៅក្នុងការកសាងសមិទ្ធផលថ្មីៗដល់ប្រទេសទំាងសងខាង។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា អាល្លឺម៉ង់បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាសព្វថ្ងៃ តាមរយៈការឧបត្ថម្ភគាំទ្រ និងការផ្តល់ជំនួយសន្ធឹកសន្ធាប់លើគម្រោងអភិវឌ្ឍន៍នានា និងតាមរយៈការ- ធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-សង្គម និងវប្បធម៌ ដ៏ល្អជាមួយគ្នាផងដែរ។
សម្តេចបានគូសបញ្ជាក់ថា កម្ពុជា-អាល្លឺម៉ង់ មានទំនាក់ទំនងការទូតជាមួយគ្នារយៈពេលជាង៥ទសវត្សរ៍មកហើយ។ ទំនាក់ទំនងដ៏ល្អនេះ ត្រូវបានបន្តលើកកម្ពស់កាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។ កាលពីសប្តាហ៏មុន ឯកឧត្តម ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធ អាលឺ្លម៉ង់ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដែលបានបើកទំព័រប្រវត្តិសាស្រ្តថ្មី នៃទំនាក់ទំនងទ្វេភាគី រវាងប្រទេស ទាំងពីរ កម្ពុជា-អាល្លឺម៉ង់។ ហើយដំណើរទស្សនកិច្ចរបស់លោកជំទាវ និងគណៈប្រតិភូនាពេលនេះ នឹងកាន់តែជួយលើកកម្ពស់ទំនាក់- ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ឱ្យកាន់តែស្អិតរមួត និងរីកចម្រើន ខ្លាំងក្លាទ្វេដងថែមទៀត។
សម្តេចប្រធានរដ្ឋសភាបានជម្រាបប្រតិភូថា សុខសន្តិភាពពេញលេញដែលកម្ពុជាបានកំពុងមាននាពេលនេះ ជាកាលានុវត្តភាពដ៏ប្រសើរ ក្រៃលែង ក្នុងការធ្វើឱ្យកម្ពុជាបន្តអភិវឌ្ឍលើគ្រប់វិស័យ ដោយឈរលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គោរពសិទ្ធិមនុស្ស និងអភិបាលកិច្ចល្អ។
មុននឹងបញ្ចប់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអរគុណចំពោះ រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានជួយដល់កម្ពុជា តាំងពីដំណាក់កាលស្វែងរកសន្តិភាព រហូតដល់ការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាលើគ្រប់វិស័យ រួមមាន អប់រំ វប្បធម៌ ការអភិវឌ្ឍជនបទ ថាមពល ការបោសសម្អាតមីន ការកាត់បន្ថយភាពក្រីក្រ ការធ្វើកំណែទម្រង់ដីធ្លី ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង អភិបាលកិច្ចល្អជាដើម ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន











