ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ ដំណើរទស្សនកិច្ច ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម មិនត្រឹមតែបានរួមចំណែកដល់ការពង្រឹងទំនាក់ទំនងប្រទេសទំាងពីរនោះទេ ថែមទាំងធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ាន ទទួលបានជោគជ័យទៀតផង
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ ដំណើរទស្សនកិច្ច ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម មិនត្រឹមតែបានរួមចំណែកដល់ការពង្រឹងទំនាក់ទំនងប្រទេសទំាងពីរនោះទេ ថែមទាំងធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ាន ទទួលបានជោគជ័យទៀតផង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/8/2022 6:28:14 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្ដម ផាម ម៉ិញជិញ (Pham Minch Chinh) នាយក- រដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម មកកាន់ កម្ពុជានាពេលនេះ មិនត្រឹមតែបានរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញច្បាស់ពីឆន្ទៈគាំទ្រដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ហើយជាការរួមវិភាគទានមួយដ៏សំខាន់ដល់ ភាពជោគជ័យនៃកិច្ចប្រជុំកំពូលនេះ។

សម្តេចបានបញ្ជាក់ថា វត្តមានឯកឧត្តមនាយករដ្ឋមន្រ្តីនាពេលនេះក៏បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពថ្មីៗនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ- ការរវាងប្រទេសយើងទំាងពីរ ជាពិសេសក្នុងក្របខណ្ឌនីតិប្រតិបត្តិ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរតែងបានសហការគ្នាយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។

ឯកឧត្ដម ផាម ម៉ិញជិញ បានវាយតម្លៃខ្ពស់ចំពោះតួនាទីប្រធានអាស៊ានរបស់រាជរដ្ឋាភិបាលកម្ពុជា និងតួនាទីប្រធាន AIPA របស់សភា កម្ពុជា។ ឯកឧត្តមជឿជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមនឹងមហាសន្និបាតអាយប៉ា(AIPA) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅក្នុងខែវិច្ឆិកានេះ នឹងទទួលបានជោគជ័យ។

ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានអបអរសាទរផងដែរ ចំពោះការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជាកាលពីថ្មីៗនេះ។ ជោគជ័យនៃការបោះឆ្នោត ឃុំសង្កាត់កន្លងមកនេះ ជាផ្នែកសំខាន់ដែលនឹងនាំឱ្យកម្ពុជាជោគជ័យនៅក្នុងការរៀបចំបោះឆ្នោតសកលឆ្នាំ២០២៣ខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តម ផាម ម៉ិញជិញ បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា ពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជា ពិសេសនាព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ ឯកឧត្តម និងសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារ ចំនួន១១ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរបន្តទៀតនៅច្រើនវិស័យ ដែលបង្ហាញពីភាពរីកចម្រើនឥតឈប់ឈរ នៃទំនាក់- ទំនងដ៏ល្អ រវាងកម្ពុជា និងវៀតណាម។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជា និងវៀតណាម នឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងគ្នា លើវិស័យពាណិជ្ជកម្ម ឱ្យមានការរីកចម្រើនដូចវិស័យនយោបាយដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល នៃប្រទេសទំាងពីរ ដែលបានអនុវត្តយ៉ាងមានប្រសិទ្ធភាពលើគ្រប់វិស័យ មានវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល វប្បធម៌ ជាដើមនោះ។ សម្តេចបានបញ្ជាក់ថា រដ្ឋសភាកម្ពុជាជានិច្ចជាកាលតែងបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទជាមួយរដ្ឋសភា វៀតណាម និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តាមរយៈវេទិកាអន្តរសភានានា ជាអាទិ៍ AIPA, IPU, APPF, APF និងវេទិកាភាពជាដៃគូសភាអាស៊ីអឺរ៉ុប (ASEP) ជាដើម ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន