សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រួមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សមាជិកសមាជិការដ្ឋសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បានប្រារព្ធពិធីកាន់បិណ្ឌទី១៣ នៅវត្តថ្កូវ ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ តាមពិធីទំនៀមទម្លាប់ព្រះពុទ្ធសាសនា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងប្រជាពុទ្ធបរិស័ទទំាងអស់បានបូជាទៀនធូបផា្កភ្ញីចំពោះព្រះរតនត្រ័យ រាប់បាត្រ ព្រមទាំង បាននាំយកនូវទេយ្យទានគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ បច្ច័យប្រគេនព្រះសង្ឃ ឧទ្ទិសកុសលផលបុណ្យ ជូនទៅដល់វិញ្ញាណក្ខន្ធ បុព្វការីជនមាន មាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន សូមឱ្យដួងវិញាណក្ខន្ធអស់លោកទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅ- ពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើ ដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់ នៅវត្តអារាម។ ទាំងនេះគឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នារបស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២២នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជូនពរដល់ប្រជាពលរដ្ឋទំាងអស់ជួបតែសេក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ។ រាល់ការ ធ្វើដំណើរជិតឆ្ងាយនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះជួបតែសុខ សុវត្ថិភាព ដោយគោរពច្បាប់ចរាចរណ៍ទំាងអស់គ្នា និងចេះអព្យាស្រ័យគ្នា ទៅវិញទៅមក។
ជាមួយគ្នានេះ សម្តេចបានអំពាវនាវដល់អាជ្ញាធរគ្រប់ទីកន្លែងជួយសម្រួល និងបង្ករលក្ខណៈងាយស្រួល ជូនដល់ពលរដ្ឋក្នុងការធ្វើបុណ្យ ទាន និងដំណើរកម្សាន្តជួបជុំក្រុមគ្រួសារនៅក្នុងរដូវភ្ជុំបិណ្ឌនេះ ឲ្យបានល្អប្រសើរជាទីបំផុត ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន















