សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូគណៈកម្មការអប់រំនៃរដ្ឋសភា ចុះពិនិត្យស្ថានភាពគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងខេត្តកំពង់ស្ពឺ
ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូគណៈកម្មការអប់រំនៃរដ្ឋសភា ចុះពិនិត្យស្ថានភាពគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងខេត្តកំពង់ស្ពឺ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/27/2021 6:14:17 AM )

គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការបង្រៀន និងរៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូគណៈកម្មការដ្ឋសភា ដែលបានអញ្ជើញមកកាន់ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យស្ថានភាពនៃការបង្រៀន និងរៀន នៅតាមគ្រឹះស្ថានសាធារណៈ និងឯកជន មួយ- ចំនួន។ វត្តមានរបស់គណៈប្រតិភូសភានាឱកាសនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់របស់ស្ថាប័ននីតិប្បញ្ញត្តិ នៅក្នុងការតាមដាន ការអនុវត្តភារកិច្ចរបស់ស្ថាប័នរាជរដ្ឋាភិបាលនៅគ្រប់កម្រិត។

លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានជម្រាបជូនគណៈប្រតិភូរដ្ឋសភាអំពីស្ថានភាព គ្រឹះស្ថានសិក្សានៅក្នុង ខេត្តកំពង់ស្ពឺ ដោយខេត្តនេះមានគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន បានបើកដំណើរការឡើងវិញ ចំនួន៨៧៤ (ស្មើនឹង៨៣,៥៥%) លើគ្រឹះស្ថានសិក្សាសរុប ១០៤៦ ទូទាំងខេត្ត (គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១)។ ចំពោះគ្រឹះស្ថានសិក្សាដែលមិនទាន់បានបើក ដំណើរការ សុទ្ធសឹងជាគ្រឹះស្ថានដែលស្ថិតក្នុងតំបន់ទីប្រជុំជន នៅមានហានិភ័យខ្ពស់ និងជាទីតាំងដែលនៅមានករណីផ្ទុះការឆ្លងជំងឺ កូវីដ១៩ក្នុងសហគមន៍នៅឡើយ។ ជាការកត់សម្គាល់ រហូតមកដល់ពេលនេះ នៅក្នុងខេត្តកំពង់ស្ពឺ នៅមិនទាន់មានករណីឆ្លងជំងឺកូវីដ- ១៩ នៅក្នុងសាលារៀននោះទេ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈប្រតិភូ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈអភិបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំ មន្ទីរអប់រំ យុវជន និងកីឡា ដែលបានខិតខំបំពេញភារកិច្ចការពារអាយុជីវិត និងសុខសុវត្ថិភាពជូនប្រជាជន ជាពិសេសលោកគ្រូ អ្នកគ្រូ បន្តការងារបង្រៀនសិស្សទោះស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។

ឯកឧត្តមប្រធានគណៈកម្មការ បានបន្តថា ដោយសារស្ថានភាពនៃការឆ្លងរីករាលនៃជំងឺកូវីដ១៩ ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ជាមួយ នឹងការចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់១៧ឆ្នាំ និងថ្មីៗនេះបានចាក់ជូនកុមារ ចាប់ពីអាយុ៦ឆ្នាំ ដល់អាយុ ១១ឆ្នាំ ដែលអាចបង្កើនបាននូវភាពស៊ាំនៅក្នុងសហគមន៍ ទើបរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យពិនិត្យពិចារណាបើកដំណើរការ ឡើងវិញជាដំណាក់កាលនូវគ្រឹះស្ថានសិក្សាចំណេះទូទៅ នៅតាមបណ្តា  ក្រុង ស្រុក ខណ្ឌ តាមទីតាំងភូមិសាស្រ្តដែលមានហានិភ័យ ទាប ចាប់ពីថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយតម្រូវឱ្យអាជ្ញាធររាជធានី ខេត្ត ធ្វើការវាយតម្លៃតាមស្ថានភាពជាក់ស្តែង និងត្រូវអនុវត្ត ឱ្យបាននូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនា- បតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមថា ការបើកដំណើរការសាលារៀនមួយចំនួនទូទាំងប្រទេសនាពេលថ្មីៗនេះ គឺជាសញ្ញាវិជ្ជមានថ្មីមួយ ចំពោះសង្គមកម្ពុជា ដែលកើតឡើងដោយសារ ការអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ពិសេសការអនុវត្តយុទ្ធនាការ ជាតិចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេស ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ ដែលគិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ មានប្រជា- ជនរាប់ចាប់ពីកុមារអាយុ៦ឆ្នាំឡើងទៅ ចំនួនសរុប ១២,៩៥០,១៤៩ (ស្មើនឹង ៨០,៩៤% នៃប្រជាជនសរុប ១៦លាននាក់) បានទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

ឯកឧត្ដម ក៏បានផ្ដាំផ្ញើរដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅទូទាំងខេត្ត សូមបន្តអនុវត្តវិធានការ «៣កុំ ៣ការពារ» ដោយកុំមានការធ្វេសប្រហែសឡើយ។

បន្ទាប់ពីជំនួបពិភាក្សារួចមក គណៈប្រតិភូបានបន្តចុះទៅពិនិត្យដោយផ្ទាល់ នូវដំណើរការបង្រៀននៅសាលាបឋមសិក្សាសន្តិភាព និង វិទ្យាល័យ សុខា ផល្លី ដែលមានទីតាំងនៅក្នុងខេត្តកំពុងស្ពឺ។ នាឱកាសនោះដែរ ឯកឧត្តមប្រធានគណៈប្រតិភូ បានផ្តល់ជូនសម្ភារៈ មួយចំនួនជូនសាលារួមមាន ម៉ាស ទឹកថ្នាំលាងដៃ ឡាបូចល័ត និងថវិកាមួយចំនួនជូនលោកគ្រូអ្នកគ្រូផងដែរ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន