សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី "ស្ត្រី និងសេដ្ឋកិច្ចគ្រួសារជាស្នូល" តាមប្រព័ន្ធវីដេអូអនឡាញ ភ្ជាប់ពីវិមានរដ្ឋសភាទៅកាន់ទីក្រុង Tehran ក្នុងប្រទេស Iran
គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី "ស្ត្រី និងសេដ្ឋកិច្ចគ្រួសារជាស្នូល" តាមប្រព័ន្ធវីដេអូអនឡាញ ភ្ជាប់ពីវិមានរដ្ឋសភាទៅកាន់ទីក្រុង Tehran ក្នុងប្រទេស Iran
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/10/2021 6:10:25 PM )

គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី "ស្ត្រី និងសេដ្ឋកិច្ចគ្រួសារ ជាស្នូល" (គោលនយោបាយ កម្មវិធី និងបទពិសោធន៍ជោគជ័យ៖ ការត្រួតពិនិត្យច្បាប់ ការផ្តល់សិទ្ធិអំណាចដល់គ្រួសារ និងសក្តានុពល ចលនាសេដ្ឋកិច្ច) តាមរយៈប្រព័ន្ធវីដេអូអនឡាញ ដែលភ្ជាប់ពីវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទីក្រុងតេអុីរ៉ង់ (Tehran) នៃប្រទេសអុីរ៉ង់ (Iran) នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

សមាសភាពគណៈប្រតិភូសភាកម្ពុជា ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ដែរមាន លោកជំទាវ កុប ម៉ារីយ៉ាស សមាជិកាគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និង ឯកឧត្តម ងួន សុជាតិ សមាជិកគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ព្រមទាំងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា កម្ពុជាមួយចំនួនទៀត។

ចំណែកសមាសភាពគណៈប្រតិភូបរទេសគឺមាន ក្រុមសមាជិកសភាស្ត្រី និងគ្រួសារ (Woman and Family Faction) នៃសភាអុីស្លាម និងក្រុមសមាជិកសភា នៃសាធារណរដ្ឋអុីស្លាមអុីរ៉ង់ ក្នុងសន្និបាតសភាតំបន់អាស៊ី (APA) ព្រមទាំងតំណាង នៃបណ្តាសភាតំបន់អាស៊ី អង្គការ និងមជ្ឈមណ្ឌលទាក់ទងនឹងស្ត្រី និងគ្រួសារ ដែលជាតំណាងមកពី២៤ប្រទេស បានចុះឈ្មោះ ប៉ុន្តែបានចូលរួមជាក់ស្តែងចំនួន ១៧ប្រទេស។

កិច្ចប្រជុំនេះ មានគោលបំណងស្វែងរកសក្តានុពលរបស់ស្ត្រី និងគ្រួសារ និងប្រសិទ្ធភាព នៃវដ្តសេដ្ឋកិច្ច ដើម្បីធ្វើការសម្របសម្រួល ការបែងចែកធនធាន មធ្យោបាយ និងសេវាកម្មនៅក្នុងសហគមន៍។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជារតន សម្បត្តិដ៏មានតម្លៃ។ ការការពារស្ត្រី គឺការពារខ្លួនឯង ដែលសព្វថ្ងៃនេះធនធានមនុស្សពាក់កណ្តាលក្នុងប្រទេស គឺជាស្ត្រី និងមានសារៈ- សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទាមទារឲ្យមានច្បាប់ ទម្លាប់ ដែលជាការបែងចែកអន្តរកម្មនៅក្នុងស្ថានភាពសង្គម។

លោកជំទាវប្រធានគណៈប្រតិភូ បានបន្ថែមថា នៅក្នុងដំណើរការនៃ "ស្ត្រី និងសេដ្ឋកិច្ចគ្រួសារ" ត្រូវមានធាតុផ្សំចំនួន៤ ដែលមាន សារៈសំខាន់គឺមានដូចជាៈ ១/ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងក្រុមគ្រួសារ ២/ការត្រួតពិនិត្យ និងវាយតម្លៃលើធនធាន មធ្យោបាយ និង សមត្ថភាព ៣/ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស (សក្តានុពលនៃវដ្ដសេដ្ឋកិច្ច ក្នុងកម្រិតមីក្រូ និងម៉ាក្រូ) ៤/ការត្រួតពិនិត្យនៃគោលនយោ- បាយ និងបកស្រាយទិដ្ឋភាពច្បាប់។

លោកជំទាវ ឡោក ខេង បានបញ្ជាក់ថា សភាកម្ពុជាក៏បានចូលរួមចំណែកលើកតម្កើងក្មេងស្រី ក្នុងគោលបំណងឱ្យថ្ងៃអនាគត យើងនឹង មានអ្នកដឹកនាំជាស្រ្តីកាន់តែច្រើន នោះសង្គមនឹងកាន់តែរឹងមាំ ហើយគម្លាតយេនឌ័រកាន់តែរួញតូច។ ស្ត្រីកម្ពុជាប្តេជ្ញាធ្វើជាដៃគូរបស់ បុរស មិនមែនជាបន្ទុករបស់បុរសឡើយ។

លោកជំទាវបានបន្តទៀតថា នៅកម្ពុជា ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី បានបង្កើតគោលនយោបាយជាច្រើន ដើម្បីទប់ស្កាត់ការរើសអើងស្ត្រី និងបានលើកកម្ពស់ស្ត្រីនៅគ្រប់កម្រិតតាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ធ្វើការសម្រេចចិត្ត ដែលមានការកើនឡើងគួរជាទីមោទនៈ និង បានផ្តល់ឱកាសដល់ស្ត្រីក្នុងមុខងារសាធារណៈ និងដាក់គោលដៅឲ្យដល់៥០%។ ការលើកកម្ពស់សុខភាព និងជីវភាពរបស់ស្ត្រីក៏កំពុង ប្រឈមនឹងការបន្តរងសម្ពាធ នៃការឆ្លងរាលដាលពីជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ស្ត្រីក្រីក្រ មានផ្ទៃពោះ ទាំងនៅក្នុងអំឡុងពេលពិនិត្យផ្ទៃពោះ ពេលសម្រាល និងក្រោយសម្រាល។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាល ក៏បានឧបត្ថម្ភសាច់ប្រាក់ និងបង្កើនការផ្តល់ប័ណ្ណសមធម៌បន្ថែម ដល់គ្រួសារដែលរងផលប៉ះពាល់ ក្នុងកំឡុងពេល នៃជំងឺកូវីដ-១៩។ ចំណែកកម្មករ កម្មការិនី ដែលត្រូវបានព្យួរកិច្ចសន្យា ឬបញ្ឈប់ពីការងារ ក៏ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបន្ថែមផងដែរ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន