សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការសុខាភិបាលនៃរដ្ឋសភា ចុះទៅសិក្សាស្វែងយល់វិស័យការងារដែលគណ:កម្មការទទួលបន្ទុក នៅក្នុងខេត្តកំពង់ធំ
គណៈកម្មការសុខាភិបាលនៃរដ្ឋសភា ចុះទៅសិក្សាស្វែងយល់វិស័យការងារដែលគណ:កម្មការទទួលបន្ទុក នៅក្នុងខេត្តកំពង់ធំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/22/2021 5:50:04 PM )

គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញចុះទៅ សិក្សាស្វែងយល់វិស័យការងារដែលគណៈកម្មការទទួលបន្ទុក នៅក្នុងខេត្តកំពង់ធំ។

ក្នុងឱកាសជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ជៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ធំ និងមន្ទីរពាក់ព័ន្ធ នៅសាលាខេត្តកំពង់ធំ លោកជំទាវ ឡោក ខេង បានជម្រាបពីគោលបំណងដែលគណៈកម្មការចុះមក កាន់ខេត្តកំពង់ធំពេលនេះ គឺដើម្បីស្វែងយល់អំពីប្រសិទ្ធភាពការងារ បញ្ហាប្រឈម និងទិសដៅការងារបន្តរបស់មន្ទីរពាក់ព័ន្ធ ជាពិសេស ចង់ដឹងអំពីប្រសិទ្ធភាពការងារក្រោយពីការធ្វើប្រតិភូកម្មអំណាច នៃការគ្រប់គ្រងរដ្ឋបាលពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ឲ្យដឹងថា ខេត្តកំពង់ធំ ជាខេត្តស្ថិតនៅជាប់នឹងបឹងទន្លេសាប ទទួលបាន អំណោយផលពីធម្មជាតិយ៉ាងខ្លាំងទៅលើវិស័យកសិកម្ម កសិ-ឧស្សាហ៍កម្ម ដែលមានប្រជាជន ៧៨,៣% ប្រកបរបរកសិកម្ម។ ម្យ៉ាង ទៀតខេត្តនេះ ក៏មានតំបន់មានសក្តានុពលសម្រាប់បម្រើវិស័យទេសចរណ៍ ព្រោះធ្លាប់ជារាជធានីបុរាណក្នុងសម័យចេនឡា ដែលជា រមណីយដ្ឋានវប្បធម៌ សាសនា ធម្មជាតិ និងមានរមណីយដ្ឋានកែច្នៃជាច្រើនកន្លែងទៀតផងដែរ។ ជាមួយគ្នានេះ ខេត្តក៏បានខិតខំធ្វើការ អភិវឌ្ឍលើគ្រប់វិស័យ មានដូចជាហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ សាលារៀនជាដើម។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ជម្រាបជូន អំពីការដែលខេត្តទទួលបាន គោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.ប.ប) ដែលបានរៀបចំប្រកាសឲ្យដំណើរការ រចនាសម្ព័ន្ធនៃប្រព័ន្ធ រដ្ឋបាលថ្មី គឺឲ្យមន្ទីរទាំងអស់ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ខេត្ត ដែលជាប្រព័ន្ធថ្មីមួយក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់- គ្រងសាធារណៈថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយវិមជ្ឈការ សហវិមជ្ឈការ ដែលជាការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឲ្យមករដ្ឋបាលថ្នាក់ក្រោមជាតិ(រដ្ឋបាលថ្នាក់ខេត្ត) ដើម្បីបម្រើប្រជាពលរដ្ឋ ដោយមានការទទួលខុសត្រូវ ក្នុងការគ្រប់គ្រង ចាត់ចែង ប្រើប្រាស់សិទ្ធិអំណាចនិងធនធាន ធ្វើការអភិវឌ្ឍន៍តាមមូលដ្ឋាន។

ឯកឧត្តម សុខ លូ បញ្ជាក់ថា រហូតមកដល់ពេលនេះ គឺមានមន្ទីរសុខាភិបាលតែមួយប៉ុណ្ណោះ បានធ្វើប្រតិភូកម្មគំរូឈានមុខគេ ស្ថិត ក្រោមរចនាសម្ព័ន្ធរបស់រដ្ឋបាលថ្នាក់ខេត្ត និងមន្ទីរជាច្រើនទៀត ក៏បាននិងកំពុងរៀបចំធ្វើប្រតិភូកម្មជាបណ្ដើរៗ។

ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនគណៈកម្មការរដ្ឋសភា ពីសមិទ្ធិផលថ្មីៗជាច្រើនដែលខេត្តសម្រេចបាន និងបានធ្វើឲ្យអត្រានៃភាព ក្រីក្រថយចុះបន្តិចម្តងៗគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនពីការខិតខំជំរុញ កែលម្អជាបន្តបន្ទាប់ លើវិស័យ សង្គមកិច្ច ការលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ តាមរយៈការពង្រឹងវិស័យសុខាភិបាល និងវិស័យពាក់ព័ន្ធ នានា ជាពិសេសខេត្តបានយកចិត្តទុកដាក់អប់រំណែនាំប្រជាពលរដ្ឋឲ្យយល់ដឹងនូវវិធានការការការពារខ្លួនពីការឆ្លងនៃជំងឺកូវីដ-១៩ គឺត្រូវ អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ ក៏បានធ្វើការផ្សព្វផ្សាយនៅតាម ទីប្រជុំជននានា និងលើកប៉ាណូណែនាំពីការធ្វើអនាម័យខ្លួនប្រាណ ការប្រើប្រាស់ម៉ាសការពារជាដើម។

ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តក៏បានជម្រាបជូនពីបញ្ហាប្រឈមមួយចំនួន និងលើកជាសំណូមពរ សុំឲ្យគណៈកម្មការរដ្ឋសភា ជួយធ្វើ អន្តរាគមន៍ដោះស្រាយផង ដូចជាកង្វះធនធានមនុស្ស សមត្ថភាពមន្ត្រីនៅមានកម្រិត និងមិនទាន់អាចសម្របខ្លួនទាន់បច្ចេកវិទ្យាថ្មីៗ នាសម័យទំនើបនេះជាដើម។ លោកជំទាវ ឡោក ខេង បានថ្លែងអំណរគុណ កោតសរសើរចំពោះរដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរពាក់ព័ន្ធ ទាំងអស់ ដែលបានខិតខំបម្រើសេវាដល់ប្រជាពលរដ្ឋបានល្អ ពិសេសលើវិស័យសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈសេវាសុខាភិបាល ប្រកបដោយសុវត្ថិភាព គុណភាព ប្រសិទ្ធភាព និងសមភាព ដែលក្រសួងសុខាភិបាលបានប្រកាន់ខ្ជាប់ជានិច្ចរហូតមក។

លោកជំទាវប្រធានគណៈកម្មការបានបន្តទៀតថា សព្វថ្ងៃនេះ រាជរដ្ឋាភិបាលបានខិតខំលើកកម្ពស់ដល់ការរស់នៅរបស់មនុស្សចាស់ និង ជនពិការ ឲ្យមានសេចក្តីថ្លៃថ្នូរ និងមានភាពសុខដុមរមនានៅក្នុងសង្គមជាតិយើង ព្រមទាំងលើកកម្ពស់សមភាពយេនឌ័រ ដោយផ្តល់ ឱកាសដល់ស្ត្រីបានចូលរួមក្នុងកិច្ចការសង្គមជាច្រើន។

ជាមួយនិងការសន្យានាំយកនូវសំណូមពរដែលខេត្តលើកឡើង យកទៅជម្រាបជូនសម្ដេចប្រធានរដ្ឋសភាជួយធ្វើអន្តរាគមន៍ដោះស្រាយ តាមនីតិវិធីរបស់រដ្ឋសភា លោកជំទាវ ឡោក ខេង ក៏បានស្នើឲ្យរដ្ឋបាលខេត្ត ពិសេសមន្ទីរសុខាភិបាល បន្តយកចិត្តទុកដាក់ ធ្វើការ ផ្សព្វផ្សាយពីផលប៉ះពាល់ និងចំណុចអវិជ្ជមាននៃជំងឺមិនឆ្លងឲ្យបានទូលំទូលាយផង ព្រោះសព្វថ្ងៃនេះ ជំងឺមិនឆ្លងបាននិងកំពុងសម្លាប់ ប្រជាពលរដ្ឋយើងប្រមាណ៦៤% ជារៀងរាល់ថ្ងៃ និងបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន