លោកជំទាវ គ្រួច សំអាន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា និងជាអនុប្រធាននៃបណ្តាញស្រ្តីសភានៃរដ្ឋសភាកម្ពុជានិយាយភាសាបារាំង APF អញ្ជើញបន្តចូលរួមសិក្ខាសាលាលើកទី៨ស្តីពី «ភាព ជាអ្នកដឹកនាំរបស់សមាជិកា សភានិយាយភាសាបារាំង» នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោកជំទាវបានចូលរួមកម្មវិធីសិក្ខាសាលាសំខាន់ៗ ដូចខាងក្រោម៖
១. ស្តាប់បទបង្ហាញស្តីពី «ភាពវៃឆ្លាតខាងអារម្មណ៍» ដោយសាស្ត្រាចារ្យ Nathalie Rinfret មកពីសាលាជាតិរដ្ឋបាលសាធារណៈ កេប៊ិក និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។
២. សិក្សាបទពិសោធន៍ថ្មីរបស់រដ្ឋសភាបារាំង ក្នុងកិច្ចប្រជុំស្តីពី «ការសួរសំណួរទៅកាន់រដ្ឋាភិបាល៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់របបសន្តិសុខសង្គម» នៅវិមានប៊ូបន (Bourbon)។
៣. ចូលរួមក្នុងជំនួបជាមួយគណៈប្រតិភូរដ្ឋសភាបារាំង ដើម្បីសិទ្ធិស្រ្តី និងឱកាសស្មើគ្នារវាងបុរស និងស្រ្តី។
៤. សិក្សា និងអនុវត្តជាក់ស្តែងលើប្រធានបទស្តីពី «ការហ្វឹកហាត់អំពីឥរិយាបថនៃការនិយាយជាសាធារណៈ»។
៥. សិក្សា និងអនុវត្តជាក់ស្តែងលើប្រធានបទស្តីពី «ការហ្វឹកហាត់និយាយជាសាធារណៈ៖ ការសម្តែងក្នុងពេលសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន»៕






