សមាជិករដ្ឋសភាកម្ពុជា ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ នៃរដ្ឋសភា និងឯកឧត្តម គង់ បណ្តូល សមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា អញ្ជើញចូលរួមវេទិកាត្រីភាគីលើកទី២ ស្តីពី “ការកាត់បន្ថយគម្លាត៖ ការធានានូវលទ្ធភាពទទួលបានតម្លៃសមរម្យ ភាពជឿជាក់ និរន្តរភាពក្នុងថាមពលកកើតឡើងវិញ” ។
វេទិកានេះសហការរៀបចំដោយអន្តរសភាអាស៊ាន (AIPA) សភាម៉ាឡេស៊ី និងវិទ្យាស្ថានស្រាវជ្រាវ សេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ី បូព៌ា (ERIA) នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
គោលបំណងនៃវេទិកាត្រីភាគីលើកទី២ គឺដើម្បីដោះស្រាយបញ្ហាសន្តិសុខថាមពលរបស់អាស៊ាននៅក្នុងបរិបទនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើងនិងស្វែងយល់ពីបញ្ហាប្រឈម និងកាលានុវត្តភាពនៃការ វិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ ព្រមទាំងពិភាក្សា អំពីគោលនយោបាយ និងបទប្បញ្ញត្តិដែលចាំបាច់ដើម្បីជួយសម្រួល ដល់ដំណើរការនៃការផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌។
ក្នុងវេទិកានេះ ឯកឧត្តម ឃុត ចាន់ដារ៉ា ត្រូវបានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាទី១ លើប្រធានបទអំពី «សន្តិសុខថាមពលក្នុងពិភពលោកដែលមិនប្រាកដប្រជា៖ ការកាត់បន្ថយការពឹងផ្អែកក្នុងគ្រាមានភាពតានតឹងភូមិសាស្ត្រនយោបាយ»។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមបានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅ នឹងភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយពិភពលោក កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការរៀបចំឱ្យមានយុទ្ធសាស្ត្រថាមពលរួម ដោយផ្អែកលើអធិបតេយ្យភាពជាតិ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន។
ឯកឧត្តមបានមានប្រសាសន៍បន្តថា ៖ដំណោះស្រាយ គឺត្រូវផ្លាស់ប្តូរពីប្រព័ន្ធដែលផុយស្រួយ ដែលពឹង លើការនាំចូលទៅជាប្រព័ន្ធមានភាពធន់ ដោយឈរលើមូលដ្ឋានសំខាន់ចំនួន ៣ ៖ទី១.ការធ្វើពិពិធកម្មថាមពលកកើតឡើងវិញដូចជាអភិវឌ្ឍឱ្យកាន់តែខ្លាំងនូវថាមពលពន្លឺព្រះអាទិត្យ ខ្យល់ ជីវឧស្ម័ន និងវារីអគ្គិសនីជាដើម ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល ទី២.វិ មជ្ឈការភាពធន់នៃការផ្គត់ផ្គង់ និងប្រើប្រាស់ថាមពល ដូចជាកសាង និងប្រើប្រាស់បណ្តាញអគ្គិសនីឆ្លាតវៃ និងទី៣.សហប្រតិបត្តិការរួមក្នុងតំបន់ ឧទាហរណ៍ ពន្លឿនការអនុវត្តបណ្តាញថាមពលអាស៊ាន ដែលនាំឱ្យ ប្រជាជាតិអាស៊ានអាចចែករំលែកថាមពល និងបង្ហាញនូវរណសិរ្សរួបរួមប្រឆាំងនឹងការប្រែប្រួលទីផ្សារ ថាមពល។
ឯកឧត្តម ឃុត ចាន់ដារ៉ា ក៏បានអំពាវនាវឱ្យសមាជិកសភាទាំងអស់ធ្វើជា ស្ពានរវាងមហិច្ឆតានិង សកម្មភាព ដោយអនុម័តច្បាប់ដែលទាក់ទាញការវិនិយោគឯកជន ផ្តល់អាទិភាពដល់ថវិកាសម្រាប់ទំនើបកម្មបណ្តាញអគ្គិសនី និងការស្រាវ ជ្រាវនិងស្វែងរកការឯកភាពក្នុង តំបន់អាស៊ានលើលក្ខខណ្ឌ និងស្តង់ដានៃគម្រោងថាមពល។ វិបត្តិបច្ចុប្បន្ន គឺជាឱកាសមួយសម្រាប់អាស៊ាន ដើម្បីក្លាយជាសហគមន៍ថាមពល ដែលមានទំនុកចិត្ត ភាពធន់ និងនិរន្តរភាព ដែលដំណើរការដោយធនធានផ្ទាល់ខ្លួននៃប្រទេសសមាជិកអាស៊ាននីមួយៗនិងឆន្ទៈរួម៕













