ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា និងជាសមាជិក CAPPD ទទួលបន្ទុកការងារយុវជន នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជាជន និងអភិវឌ្ឍន៍ (CAPPD) អញ្ជើញដល់សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ប្រកបដោយសុវត្ថិភាព។
អញ្ជើញដល់អាកាសយានដ្ឋានទីក្រុងគែរ នៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប គណៈប្រតិភូបានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពី ឯកឧត្តម សោម វិសាល ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប និងសហការី។
សូមជម្រាបជូនថា គណៈប្រតិភូ CAPPD នឹងចូលរួមកិច្ចប្រជុំសមាជិកសភាអារ៉ាប់ អាស៊ី ស្តីពីការជំរុញសិទ្ធិ និងសុខភាពបន្តពូជ ការផ្តល់ភាពអង់អាចដល់យុវជន ការលុបបំបាត់អំពើហឹង្សាផ្អែកលើយេនឌ័រ ពីថ្ងៃទី២២ ដល់ទី២៦ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីគែរ សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប៕


