ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានកុមសភាកម្ពុជានិយាយភាសាបារាំង ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា និងលោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការទី៦ ព្រឹទ្ធសភា នារសៀលថ្ងៃទឺ២៣ ខែតុលា ឆ្នាំ២០២៥ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបន្តអញ្ជើញចូលរួមសិក្ខាសាលាស្តីពី ការចូលរួមរបស់ប្រជាពលរដ្ឋ និងសភាបើកចំហសម្រាប់អភិបាលកិច្ចប្រកបដោយបរិយាបន្ន និងឆ្លើយតប។ សមាជិក សមាជិកាសភា បានពិភាក្សាលើប្រធានបទស្តីពី ការគាំទ្រ ការអភិវឌ្ឍ មុខងារបំពេញបន្ថែមរបស់សមាជិកសភា និងប្រជាពលរដ្ឋ បានសេចក្តីថា សភានីមួយៗធ្វើការជិតស្និទ្ធជាមួយរដ្ឋាភិបាល និងអង្គការពាក់ព័ន្ធ ក្នុងគោលបំណងធ្វើសេចក្តីសម្រេចដែលមានសារៈសំខាន់ជាច្រើន ដោយសម្របយ៉ាងឆាប់រហ័សទៅនឹងបច្ចុប្បន្នភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការឆ្លើយតបយ៉ាងជាក់លាក់ទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដូចជា ករណីជំងឺកូវីដ-១៩ និងកម្មវិធីគាំទ្រការងើបឡើងវិញសេដ្ឋកិច្ចជាមួយនឹងធនធាន។ លើសពីនេះ សភា ក៏បានលើកកម្ពស់នូវការអនុវត្តវិទ្យាសាស្រ្ត ព័ត៌មានវិទ្យា នវានុវត្តន៍ និងបានពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងថ្នាលឌីជីថលឯកទេស ដោយពង្រីកការតភ្ជាប់រវាង សកម្មភាពសភា និងការចូលរួមរបស់ប្រជាពលរដ្ឋ៕





