ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀម រៀបចំធ្វើសិក្ខាសាលាស្តីពីការកសាងក្របខ័ណ្ឌគោល នយោ បាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយ ហិរញ្ញវត្ថុ សាធារណ: សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ។
កិច្ចប្រជុំនេះមានការអញ្ជើញចូល រួមពីឯកឧត្តម អនុប្រធានគណៈ កម្មការ លោកជំទាវលេខាធិការ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការនិងឯកឧត្តម បណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការនិងជានាយកខុទ្ទកាល័ យសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហង្ស វិចិត្រ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ រួមជាមួយមន្រ្តីពាក់ព័ន្ធ ។
ឯកឧត្តម ឈាង វុន បានមានប្រសា សន៍ថាកិច្ចប្រជុំនាថ្ងៃនេះមានគោលបំណងដើម្បីត្រៀមរៀបចំ សិក្ខាសាលាស្តីពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងគោលនយោបាយ ហិរញ្ញវត្ថុ សាធារណៈ សម្រាប់រៀបចំសេចក្តី ព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ។
សិក្ខាសាលានឹងរៀបចំដោយរដ្ឋសភា សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិ នៃកម្ពុជា អាជ្ញាធរសវនកម្មជាតិ និងអង្គការសង្គមស៊ីវិល ។
ឯកឧត្តមបានលើកឡើងថា៖សិក្ខាសាលាមានគោលបំណងប្រមូលយកមតិយោបល់និងធាតុចូល ពីស្ថាប័ន ក្រសួង អង្គការសង្គម ស៊ីវិលពាក់ព័ន្ធនិងប្រមូលធាតុចូលសំដៅធ្វើឱ្យសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ក្លាយជាច្បាប់មួយល្អ និងអនុវត្តទៅឱ្យមានប្រសិទ្ធភាពខ្ពស់៕














