សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កម្ពុជាត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធដើម្បីកសាងអនាគតមួយសម្រាប់ស្រ្តីនិងក្មេងស្រីអាចរស់នៅដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកំាង ប្រទេសចិន __ វីដេអូ៖ កិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកំាង ប្រទេសចិន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកំាង ប្រទេសចិន
Prepaired By: NA0989 ​ Date: (10/13/2025 12:15:25 AM )

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែតុលាឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ី ជីងពីង (Xi Jipping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន  នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតជាតិ  ក្នុងទីក្រុងប៉េកំាង។

កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកនេះ មានវត្តមានចូលរួមពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ភ្នាក់ងារនៃអង្គការសហប្រជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិពាក់ព័ន្ធ នានា សរុបប្រមាណជាង ៨០០ មកពីប្រទេសជាង ១០០ ពីគ្រប់ទ្វីបទាំង៥ នៃពិភពលោក។ កិច្ចប្រជុំនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលមិនត្រឹមតែដើម្បីប្រារព្ធអបអរសាទរខួបលើកទី៣០ នៃ សេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពទីក្រុងប៉េកាំង ដែលត្រូវបានអនុម័តនៅឆ្នាំ១៩៩៥ ប៉ុន្តែជាឱកាសមួយដ៏ប្រសើរក្នុងការពិនិត្យពីវឌ្ឍនភាព និងការប្រឈមនានា ស្តែងចេញពីការអនុវត្តសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពទីក្រុងប៉េកាំង  ដែលត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះ និងប្រព័ន្ធស្តង់ដារជាសកលសម្រាប់ជំរុញសមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងការពារសិទ្ធិរបស់ស្រ្តីនិងក្មេងស្រ្តីនៅទូទាំពិភពលោក។ 

ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម ស៊ី ជីងពីង បានគូសបញ្ជាក់ថា ៣០ឆ្នាំ បន្ទាប់ពីសន្និសីទទីក្រុងប៉េកាំង កាលពីឆ្នាំ១៩៩៥ ដែលបានអនុម័តនូវសេចក្តីថ្លែងការ និងផែនការសកម្មភាពទីក្រុងប៉េកាំង ទាំងអស់គ្នាសម្រេចបាននូវសមិទ្ធផលគួរកត់សម្គាល់ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការផ្តល់ភាពអង់អាចដល់ស្រ្តី។ ប្រទេសចំនួន ១៨៩ បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី និងប្រទេសជាង ១៩០ បានអនុម័តច្បាប់ជិត ១៦០០  ដែលបានការពារសិទ្ធិស្ត្រី ហើយប្រទេសកាន់តែច្រើនឡើង ៗ បានបង្កើតផែនការសកម្មភាពជាតិដើម្បីបង្កើនសុខុមាលភាពរបស់ស្ត្រី។ ការអប់រំរបស់ស្ត្រីមានការរីកចម្រើនជាបន្តបន្ទាប់ ដោយបានដើរតួនាទីកាន់តែសំខាន់នៅក្នុងជីវិតសេដ្ឋកិច្ច នយោបាយ វប្បធម៌ និងសង្គម។

ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង បានផ្តល់នូវអនុសាសន៌ចំនួន ៤ ចំណុច ដល់អង្គប្រជុំ ដូចជាការត្រូវធ្វើការរួមគ្នាដើម្បីបង្កើតបរិយាកាសអំណោយផលអំណោយផលដល់ការលូតលាស់ និងការអភិវឌ្ឍរបស់ស្ត្រី។ ត្រូវតែរួមគ្នាជំរុញសន្ទុះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃបុព្វហេតុស្ត្រី។ ត្រូវរួមគ្នាកសាងក្របខណ្ឌអភិបាលកិច្ច ដែលការពារសិទ្ធិ និងផលប្រយោជន៍របស់ស្ត្រីនិងត្រូវរួមគ្នាសរសេរជំពូកថ្មី ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ស្ត្រីជាសកល។

សម្រាប់ចិន ឯកឧត្តម ប្រធានាធិបតីបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការផ្តល់ការគាំទ្រដល់បុព្វហេតុរបស់ស្រ្តី ក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ ដូចជាការបរិច្ចាគថវិកា ១០ លានដុល្លារអាមេរិកជូនដល់អង្គការ UN Women, និងថវិកា១00 លានដុល្លារ សម្រាប់កិច្ចសហប្រតិបត្តិការត្បូង-ត្បូង សម្រាប់មូលនីធិជួយដល់ស្រ្តី និងក្មេងស្រី និងដៃគូពាក់ព័ន្ធ  និងគម្រោងខ្ឋាតតូចៗចំនួន ១០០០ គម្រោង សម្រាប់លើកកម្ពស់ជីវភាពរស់នៅរបស់ស្រ្តី និងស្រ្តីចិន ជាង ៥០ ០០០ នាក់ ជាដើម។

សូមជម្រាបថា បន្ទាប់ពីពិធីបើកកិច្ចប្រជុំជាផ្លូវការហើយ កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នឹងស្តាប់នូវបទអន្តរាគមន៍ពីប្រមុខរដ្ឋ ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តនិងបណ្តាដៃគូនានា អំពីវឌ្ឍភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍និងផែនការសកម្មភាពទីក្រុងប៉េកំាងឆ្នាំ១៩៩៥។សម្តេចមហារដ្ឋសភាធិបតី ក៏នឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំ នៅរសៀល  ថ្ងៃទី១៣ ខែតុលាឆ្នាំ២០២៥ នេះ ផងដែរ៕