សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រៃវែង នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅសាលាខេត្តព្រៃវែង។
ក្នុងពិធីនៅក៏បានការអញ្ជើញចូលរួមពី តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង អភិបាលនៃគណៈអភិបាលខេត្ត ព្រៃវែង និងសមាជិកាដែលត្រូវទទួលប្រកាសថ្មី ព្រមទាំងលោកជំទាវ លោកស្រី ជាច្រើនរូបទៀត ។
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា ខេត្តបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីប្រកបដោយឆន្ទៈមោះមុត រួមគ្នាជាមួយសប្បុរសជន ក្នុងការធ្វើសកម្មភាព ជួយដល់កិច្ចការសង្គម ជាពិសេស ជួយដល់ជនរងគ្រោះដែលជានារីភេទ ឬកុមារ ដែលរងនូវការកៀបសង្កត់ ឬការបំពានកេងប្រវ័ញ្ច ជនងាយរងគ្រោះ ជនក្រីក្រ និងអ្នកដែលបានទទួលរងគ្រោះដោយមហន្តរាយនានា ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់។ សម្តេចកិត្តិសង្គហបណ្ឌិត បានរំលឹកដល់សាវតារបស់សមាគម ដោយបានរំលេចនូវប្រវត្តិនៃការកកើតសមាគម រួមទាំងដំណើរវិវត្តរបស់សមាគមតាំងពីដំណាក់កាលចូលរួមពលិកម្មក្នុងការ រំដោះជាតិ មាតុភូមិ និងការចូលរួមក្នុងសកម្មភាពសង្គម មនុស្សធម៌ជាបន្តបន្ទាប់ក្នុងសម័យសន្តិភាព។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងនូវគំរូវីរភាព របស់ថ្នាក់ដឹកនាំដែលបានលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ស្វែងរកបាននូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ចូលរួមអបអរសាទរចំពោះ លោកជំទាវ ជុន បូរ៉ានី ដែលត្រូវ បានប្រកាសជា
ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តព្រៃវែង និងបានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីខេត្ត ដែលបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ ត្រូវបន្តការខិតខំ ប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ របបរាយការណ៍ ការបែងចែកតួនាទីភារកិច្ច និងទទួលខុសត្រូវទៅថ្នាក់ដឹកនាំ នៃគណៈកម្មការសមាគមនារី សាខា អនុសាខា ទូទាំងអង្គភាពកាន់តែទូលំទូលាយ និងឱ្យបានស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិរបស់យើងទាំងអស់គ្នា»៕